ឧកញ៉ា ហេង បូរិន៖ សមិទ្ធិផលនេះតិចតួចទេ តែខ្ញុំពិតជាមោទនភាពខ្លាំងណាស់ ព្រោះជាទឹកដីកំណើតរបស់ខ្ញុំ

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីបានចូលរួមឧបត្ថម្ភធនធានផ្ទាល់ខ្លួន និងពេលវេលា ចូលរួមក៏សាងខ្លោងទ្វារ អតីតសាលាបឋមសិក្សារបស់ខ្លួននៅស្រុកកំណើត ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី នាថ្ងៃទី១៩ ខែវិច្ឆិកា ២០២២នេះ បានអញ្ជើញចូលរួមសម្ពោធខ្លោងទ្វារសាលាបឋមសិក្សាភ្នំធំថ្មី ក្នុងឃុំអូរប្រាសាទ ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ជូនគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមវត្តមានចូលរួមពីសំណាក់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លោកនាយក និងថ្នាក់ដឹកនាំសាលា រួមទាំងចាស់ៗក្នុងភូមិ ឃុំខាងលើនោះ ក្នុងកម្មវិធីសម្ពោធសមិទ្ធិផលខ្លោងទ្វារសាលា អតីតកូនសិស្សសាលាបឋមសិក្សាភ្នំធំថ្មី ដែលបច្ចុប្បន្នមានគោរមងារជា  ឧកញ៉ា និងជាអ្នកជំនួញឆ្នើមមួយរូប ឧកញ៉ា ហេង បូរិន ថ្លែងថា៖ “មែនទែនទៅ សមិទ្ធិផលដែលខ្ញុំបាទ បានកាត់ខ្សែបូសម្ពោធជាផ្លូវការ ជូនប្អូនៗ ក្មួយៗ លោកគ្រូ អ្នកគ្រូ នាពេលនេះ តិចតួចទេ តែខ្ញុំពិតជាមោទនភាពណាស់ ព្រោះជាភូមិកំណើតរបស់ខ្ញុំ ដែលធ្លាប់បានរស់នៅ និងរៀនសូត្រ តាំងពីវ័យជាកុមារ”។

ស្ថាបនិកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ដដែលរូបនេះ បានបន្ថែមទៀតថា សូមឱ្យ​សមិទ្ធផល​នេះ​ ជូន​ទៅ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ក្នុង​ភូមិ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​រៀនសូត្រ​ ក្រេប​ជញ្ជក់​យក​ចំណេះ​វិជ្ជា​ដើម្បី​ជា​ស្ពាន​ទៅ​អនាគត។

សាលាបឋមសិក្សាភ្នំធំថ្មីនេះ គឺជាសាលាបឋម ដែលឧកញ៉ា ហេង បូរិន ធ្លាប់បានចំណាយពេលវេលាប្រមាណ ៦ឆ្នាំ កាលពីកុមារភាព រៀនសូត្រ ទទួលបានចំណេះដឹងដំបូងបំផុត តាមរយៈលោកគ្រូអ្នកគ្រូបឋម អំឡុងឆ្នាំ១៩៩០មកម៉្លេះ។

ការចំណាយថវិកាកសាងខ្លោងទ្វារសាលាថ្មីជូនសាលាបឋមភ្នំធំថ្មី នូវទឹកប្រាក់ផ្ទាល់ខ្លួនជាង ៦ពាន់ដុល្លារ តាមរយៈគណៈកម្មការសាលាដោយផ្ទាល់នេះ ក៏ជាការរូមចំណែកមួយ ជួយលើកកម្ពស់សោភ័ណ្ឌភាព និងហេដ្ឋារចនាសម្ព័ន្ធសាលារៀននោះ ព្រោះពីមុនមកខ្លោងទ្វារនោះ មានសភាពទ្រុឌទ្រោម និងគួរឱ្យព្រួយបារម្ភដល់សុវត្ថិភាពសិស្សានុសិស្សពេលឆ្លងកាត់ពីក្រោម។

ជាទស្សនៈផ្ទាល់ខ្លួន លោកឧកញ៉ា ហេង បូរិន ធ្លាប់បានលើកឡើងថា សម្រាប់បងប្អូន ឬលោកឧកញ៉ា អ្នកឧកញ៉ា ក៏ដូចជាបងប្អូនជនរួមជាតិផ្សេងទៀត ដែលបងប្អូនមានលទ្ធភាពជាក់ស្ដែង គួរតែបន្តជួយតាមលទ្ធភាពដល់បញ្ហាខ្វះខាតផ្សេងៗនៅមូលដ្ឋាន ឬស្រុកភូមិកំណើតបានដូចគ្នា ដើម្បីជាការរួមចំណែកកសាងសង្គមជាមួយរាជរដ្ឋាភិបាលយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕