ឧកញ៉ា លឹម ហេង លើកឡើងពីផលប៉ះពាល់ នៅពេលតម្លៃជ័រកៅស៊ូ ធ្លាក់ចុះបែបនេះ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា លឹម ហេង ​​អនុប្រធាន​ពាណិជ្ជកម្មកម្ពុជា ​​បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​​​ជា​ខ្លាំង​​ទៅ​លើ​វិស័យ​ដំណាំ​កៅស៊ូ​នៅកម្ពុជា ដែល​អាច​នឹង​ធ្វើ​ឱ្យ​ការ​ដាំដុះ​ដំណាំកៅស៊ូ ​​នឹង​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ឆ្នាំ​ក្រោយៗ ​​បើ​សិន​ជា​តម្លៃ​ជ័រ​កៅស៊ូ នៅ​តែ​​បន្ត​ធ្លាក់​ថ្លៃ​បែប​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​របាយការណ៍​​ប្រចាំ​ខែ​តុលា​​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាល​ពី​​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ​​បាន​ឱ្យ​ដឹង​ថា ស្ថានភាព​​ដំណាំកៅស៊ូ ជារួមគឺតម្លៃជ័រកៅស៊ូមានការធ្លាក់ចុះ។ របាយការណ៍​នេះ​ដដែល​ បាន​បញ្ជាក់​ថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យមក្នុងខែកញ្ញា គឺ ១ ៣១១ដុល្លារ/តោន បានថយ​ចុះ​ចំនួន ១២១ដុល្លារក្នុងមួយតោន ដែលស្មើនឹង៨,៤៥ភាគរយ ធៀបនឹងខែមុន និងបានថយចុះចំនួន ៣១៨​ដុល្លារក្នុងមួយតោន ស្មើនឹង២០ភាគរយ ធៀបនឹងខែកញ្ញា ឆ្នាំ២០២១។

ឧកញ៉ា លឹម ហេង បានមានប្រសាសន៍យ៉ាង​ដូច្នេះ​ថា៖ “នៅពេលដែលតម្លៃជ័រកៅស៊ូធ្លាក់ចុះបែបនេះ កម្លាំងពលកម្មចៀរជ័រក៏ត្រូវបានបន្ថយដែរ បើមិនដូច្នោះម្ចាស់ចំការកៅស៊ូនឹងខាងបង់។ ​បើកម្លាំងពលកម្ម​ចៀរជ័រត្រូវបានកាត់បន្ថយ ទិន្នផលជ័រដែលប្រមូលបាននឹងថមថយទៅដូចគ្នា ហើយការនាំចេញក៏ច្បាស់​ជាត្រូវធ្លាក់ចុះផងដែរ”។

“បើនៅតែបែបនេះ ការដាំដុះដំណាំកៅស៊ូថ្មីៗ និងត្រូវបានកាត់បន្ថយ ហើយចំការកៅស៊ូមួយចំនួន ដែលត្រូវ​ចៀរជ័របាន ក៏សុខចិត្តទុកចោលរង់ចាំទីផ្សារប្រែប្រួលវិញមិនខាន។ ឆ្លើយតបនឹងស្ថានការណ៍នេះ ខ្ញុំ​សូម​សំណូមពរឱ្យរដ្ឋចេញជាគោលនយោបាយសម្រាប់គាំពាវិស័យ​​កៅស៊ូ ដើម្បីលើកទឹកចិត្តឱ្យកសិកររក្សា​ទុក​កៅស៊ូ កុំឱ្យប៉ះពាល់ដល់បរិមាណនាំចេញ”។ លោក​ឧកញ៉ា ​​បាន​បញ្ជាក់​បន្ថែម។

គួរបញ្ជាក់ថា ​​តាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម បច្ចុប្បន្នកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូកសិ-ឧស្សាហកម្មចំនួន ៤៧ ៩៤៤ហិកតា។ ផ្ទៃដីចម្ការកៅស៊ូ​សម្បទានដី​សេដ្ឋកិច្ចមានចំនួន ១៩២ ៤០២ហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារចំនួន ១៦៣ ៦៩៨ហិកតា។ រីឯផ្ទៃដីចៀរជ័រចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ៕