ឧកញ៉ា អ៊ុច សម្បត្តិ ប្រកាសរកអ្នកមានសមត្ថភាព មកអនុវត្តគម្រោងមួយមានតម្លៃ ១លានដុល្លារ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា អ៊ុច សម្បត្តិ ប្រធានក្រុមហ៊ុន គ្រួសារកក់ក្តៅ (Krousar Korkdao Co.,Ltd) ​​បាន​ប្រកាស​ស្វែង​រក​អ្នក​មាន​​​សមត្ថភាព​​ខ្ពស់ ច្បាស់លាស់ ​​មាន​​ឆន្ទៈ និង​ស្មោះ​ត្រង់ ​​ដើម្បី​មក​អនុវត្ត​គម្រោង​មួយ​នៃ​គំនិត​របស់​លោក ដែល​លោក​ជឿ​ថា​វា​​មាន​​​​​តម្លៃ​​លើស​ពី​ ១​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក ​​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ ​​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំមាន​គំនិត (Idea)​ ដែលមានតម្លៃ លើសពី១លានដុល្លារ​ ដែលត្រូវអនុវត្តនៅខែក្រោយនេះ។ ខ្ញុំកំពុងសំលឹង​រកមើល​មនុស្សមានសមត្ថភាព ច្បាស់លាស់ មានឆន្ទៈ ស្មោះត្រង់ មកធ្វើអោយវាក្លាយជាការពិត ដើម្បីទទួលបាន​ជោគជ័យ​ ហើយពួកយើងនឹង​អបអរ​ (Cheer) ស្រាក្រហមជាមួយគ្នា”។

លោកឧកញ៉ា បាន​បន្ថែម​ថា ពេល​លោក​គិតគំនិតមួយ​នេះឡើង វាមានតម្លៃ១លានដុល្លារ​ ប៉ុន្តែ​បើគំនិតនេះ អនុវត្ត​បានដោយមនុស្សមានសមត្ថភាព វាអាចឡើងដល់ ១០០​លានដុល្លារ​ ហើយ​បើគំនិតលោក​ ធ្លាក់ទៅ​លើ​មនុស្សដែលគ្មានសមត្ថភាព មនុស្សក្បត់ មនុស្សមិនអោយតម្លៃ មនុស្សដែលមិនយកទៅអនុវត្ត នោះ​គំនិត​របស់​លោក​ មិនស្មើអាចន៍ឆ្កែមួយ​ដុំផង។ យ៉ាងណាមិញ ​​សម្រាប់​បងប្អូន​ដែល​​​ចង់​​​រួម​ដំណើរ​ការងារ​នៃ​គម្រោង​នេះ អាច​ទាក់ទង​​ជួប​​លោក​ឧកញ៉ា​ដោយ​​ផ្ទាល់​​បាន។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន គ្រួសារកក់ក្ដៅ ​​របស់​ឧកញ៉ា អ៊ុច សម្បត្តិ គឺជាក្រុមហ៊ុនផលិតចែក​ចាយគ្រឿង​សម្អាង និងលក់ផលិតផល​ថែរក្សាសម្រស់តាមអនឡាញដ៏ធំមួយប្រចាំកម្ពុជា។ ក្រុមហ៊ុននេះ បង្កើត​ឡើង កាល​ខែ​មិថុនា ឆ្នាំ២០១៥ ដោយ​ឧកញ៉ា អ៊ុច សម្បត្តិ និង​ភរិយា​លោក​ជំទាវ ហ៊ឹម សុភ័ក្រ ហើយ​រហូត​ដល់​បច្ចុប្បន្ន​មានបណ្ដាញចែក​ចាយ​​រាប់ម៉ឺននាក់​ទូទាំង​ប្រទេស​ ខណៈ​ដែល​ឆ្នាំ២០២២​នេះ ក្រុមហ៊ុន​កំពុង​ពង្រីក​វិសាលភាព​បន្ថែម​ទៅ​ក្រៅ​ប្រទេស។ សម្រាប់​ផលិតផល​របស់ក្រុមហ៊ុន គ្រឿងសម្អាងគ្រួសារកក់ក្ដៅ គឺ​ផ្តោតសំខាន់​លើ ការថែ​រក្សា​សម្រស់មួយតួខ្លួន​របស់ស្រី្ត​តែម្តង៕