អ្នកឧកញ៉ា គិត ម៉េង៖ មនុស្សមិនខុសពីសត្វបក្សីទេ សំខាន់គឺរើសមនុស្សដែលអ្នកចំណាយពេលជាមួយ

ជុំវិញ​ឧកញ៉ា

នៅព្រលប់​ថ្ងៃ​អង្គារ​នេះ អ្នកឧកញ៉ា គិត ម៉េង ​​អគ្គនាយក​ក្រុមហ៊ុន​ រ៉ូយ៉ាល់​គ្រុប និង​​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​កម្ពុជា ​​បាន​បង្ហោះសារ​ដ៏​មាន​អត្ថន័យ​ជ្រាល​ជ្រៅ​មួយ ​​មាន​ចំណង​ជើង​ថា «មនុស្សដែលមានអត្តចរិត​ដូចគ្នា​ តែងចំណាយពេលនៅជាមួយគ្នា» ​​ហើយ​លោក​បាន​ប្រៀប​ធៀប​ថា ​​មនុស្ស​មិន​ខុស​ពី​​​សត្វ​បក្សី​នោះ​ទេ រឿង​ដែល​សំខាន់​​គឺ​ចេះ​ជ្រើស​រើស​មនុស្ស​ដែល​យើង​ចំណាយ​ពេល​ជាមួយ​ឱ្យ​បាន​ត្រឹម​ត្រូវ នោះ​នឹង​ធ្វើ​ឱ្យ​ជីវិត​របស់​យើង​ មាន​ភាព​រីក​ចម្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ​​បាន​បន្ថែម​ខ្លឹមសារ​លើ​ទំព័រ​ហ្វេសប៊ុក​ថា «ហេតុអ្វីបានជាសត្វស្លាបហើរជាក្រុមរួមគ្នា?» សត្វ​ស្លាប​បង្កើតជាក្រុម ដែលយើងហៅថាហើរជាហ្វូង ដោយសារហេតុផលជាច្រើន គឺដើម្បីបង្កើនឱកាស​រស់​រាន​មានជីវិត និងមានសុវត្ថិភាព ដើម្បីបង្កើនលទ្ធភាពស្វែងរកអាហារ និងការពារគ្នាទៅវិញទៅមកពីបញ្ហា និងពីសត្វបក្សីដែលរកស៊ីដោយការឆាបឆក់។

មនុស្សមិនខុសពីសត្វបក្សីនោះទេ។ យើងរស់នៅក្នុងសហគមន៍ដ៏ធំមួយ ប៉ុន្តែ ក្នុងការរស់នៅនោះ វាជា​រឿង​សំខាន់ក្នុងការជ្រើសរើសមនុស្សដែលអ្នកនឹងចំណាយពេលជាមួយ ពីព្រោះ «ពេលវេលា» ដែលអ្នក​ចំណាយ និង «មនុស្ស» ដែលអ្នកនៅជាមួយ នឹងធ្វើឲ្យចរិតលក្ខណៈ លំនឹងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នក បានល្អប្រសើរ ព្រមទាំងអាចបង្កើនចំណេះដឹងរបស់អ្នកផងដែរ។

សូមអ្នកជ្រើសរើសរស់នៅគ្រប់ពេលវេលាជាមួយមនុស្សដែលពោរពេញដោយក្តីសុបិន អ្នកពូកែធ្វើ អ្នកជឿ និងអ្នកគិត។ ជាពិសេសទៅទៀតនោះ សូមជ្រើសរើសអ្នកដែលមើលឃើញភាពល្អឆ្នើមនៅក្នុងខ្លួនអ្នក ទោះ​បីជាអ្នកមិនបានឃើញវាដោយខ្លួនឯងក៏ដោយ។ សូមជ្រើសរើសនៅជាមួយ​ក្រុមមនុស្សដែលបង្រៀន​អ្នកឱ្យអភិវឌ្ឍខ្លួនទ្បើង បំផុសគំនិតអ្នកឱ្យ​សម្រេចបានរឿងសំខាន់ៗ បើកឱកាស និងសក្តានុពលដ៏ធំ​ដែល​អ្នកមាន។

វាមិនមែនជាបញ្ហាទេក្នុងការជ្រើសរើសមនុស្សដែលអ្នកត្រូវរក្សាឱ្យ​នៅជុំវិញអ្នក ដែលជាមនុស្សស្មោះ​ត្រង់​ជាមួយអ្នក គាំទ្រសេចក្តីចម្រើនរបស់អ្នកដោយពាក្យពិត និងផ្តល់ចំណេះដឹងដែលមាន​ប្រយោជន៍ដល់​អ្នក​។ ក្នុងករណីមួយដែលអ្នកមិនអាចរកឃើញមនុស្សដែលអ្នកគិតថាល្អសម្រាប់អ្នក អ្នកអាចជ្រើសរើស​ឯក​រាជ្យ​ភាព និងធ្វើជាម្ចាស់ខ្លួនឯង ជាជាងចំណាយពេលនិងកម្លាំង​នៅជាមួយមនុស្សដែលមិនធ្វើ​ឲ្យអ្នកក្លាយ​ជាមនុស្ស​ល្អម្នាក់។

អ្នកឧកញ៉ា គិត ម៉េង បាន​បញ្ជាក់​បន្ថែម​ថា ដូចសម្រង់សម្តីមួយ ដែល​លោក​គាំទ្រនោះគឺ «ប្រសិនបើ​យើង​ចង់កំណត់អត្តចរិតរបស់នរណាម្នាក់ យើងត្រូវពិនិត្យមើលមិត្តភ័ក្តិ ដែលគាត់អង្គុយជាមួយ»។ សូមចង​ចាំ​ថា អ្នកអាចទាក់ទាញនូវអ្វីដែលនៅជុំវិញអ្នកបាន។ មនុស្សដែលអ្នកនៅជាមួយមានឥទ្ធិពល​យ៉ាងធំលើ​ស្ថានភាពអ្នក។ សូមអ្នកជ្រើសរើសតែមនុស្សដែលធ្វើឱ្យ​អ្នកកាន់តែល្អប្រសើរទ្បើង៕