អ្នកឧកញ៉ា សុខ គង់ បោះទុន៥លានដុល្លារ វិនិយោគលើការដាំបន្លែជាង៣០មុខ លើភ្នំបូកគោ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ​​អគ្គនាយក​ក្រុមហ៊ុន​ សូគីម៉ិច និង​ជា​ម្ចាស់​សណ្ឋាគារ​ សុខា ​​បាន​បោះទុន​ប្រមាណ ​​៥លាន​ដុល្លារអាមេរិក ​​ដើម្បី​វិនិយោគ​​លើ​ការ​ដាំ​បន្លែ​​​​ជាង ៣០​មុខ ដែលជាប្រភេទបន្លែផ្តោតលើ​​គុណភាព​ខ្ពស់ ​​នៅ​លើ​​ភ្នំបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនបូកគោហ្វាម ដែល​ជា​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ សុខា គ្រុប ​​បាន​ថ្លែង​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០១៧​​មក ​ក្រុមហ៊ុនបានកែប្រែ​ការ​ដាំបន្លែ​ជា​លក្ខណៈ​ Hydroponic Farm ដែលជា​ការ​ដាំ​នៅលើទឹក ក្នុងទំហំផ្ទៃដីទំហំ១២ហិកតា ខណៈ​ដែល​កាល​ឆ្នាំ​២០១២​ ក្រុមហ៊ុនបានវិនិយោគកសិដ្ឋានដាំបន្លែធម្មជាតិ លើកំពូលភ្នំបូក​គោ​នេះ​ ដោយដាំ​តែ​នៅលើដី​ប៉ុណ្ណោះ។

“បន្លែដែលដាំនៅកសិដ្ឋាននេះ មានលក្ខណៈពិសេស ព្រោះ​វា​មិនប្រើប្រាស់សារធាតុគីមី និងថ្នាំសម្លាប់​សត្វ​ល្អិតនោះ​ទេ​ ហើយ​យើងប្រើប្រាស់តែជីសរីរាង្គប៉ុណ្ណោះ។ បន្លែដែលដាំនៅកសិដ្ឋាននេះ មានគុណភាពខ្ពស់ មានរសជាតិឆ្ងាញ់ និងជួយដល់សុខភាពអ្នកបរិភោ​គ ព្រោះវាជាបន្លែដែលដាំនៅទីតាំងពិសេស មាន​អាកាស​ធាតុ​ត្រជាក់ពេញមួយឆ្នាំ ព្រោះវាស្ថិតនៅលើភ្នំមានកំពស់រហូតដល់ ១០៧៥ម៉ែត្រ”។ អ្នកនាង ចាន់រ៉ា បាន​បន្ថែម។

អ្នកនាងបន្តថា បន្លែដែលដាំនៅកសិដ្ឋានធម្មជាតិលើភ្នំបូកគោ មានចំនួនជាង៣០ប្រភេទ ​ក្នុង​នោះ​រាប់​ត្រួសៗ​មាន​ដូចជា៖ ម្រះ ននោងជ្រុង ននោងបារាំងខៀវ ផ្ទីដូង ដំឡូងឈាមមាន់ ប៉េងប៉ោះឈើរី ​ល្ហុងខ្ចី ​ស្ពៃខៀវ ឆៃថាវ សាឡាដ គល់ស្លឹកគ្រៃ ប៉េងប៉ោះក្រហម ម្ទេសប្លោកក្រហម ត្រប់ស្រួយ ត្រប់ពុតលំញង ការ៉ុត ម្ទេសប្លោកវែងខៀវ ស្ពៃតឿ ត្រឡាច ស្ពៃក្តោប សណ្តែកបារាំង ដើមខាត់ណា ស្ពៃចង្កឹះ ស្ពៃក្រញាញ់ ត្រកួន ជីអង្កាម -ល-។

សូមជម្រាបជូន​ថា បើ​តាម​អ្នកនាង សៀ ចាន់រ៉ា នាយិកាផ្នែកលក់​និងទីផ្សារ បន្លែដែលដាំនៅកសិដ្ឋាននេះ គឺ​ប្រើប្រាស់សម្រាប់ចែកចាយនៅតាមសណ្ឋាគារទាំង៧ របស់ក្រុមហ៊ុនសុខាអូតែល និងចែកចាយទៅកាន់​អតិថិជន​បានប្រមាណ៨០ភាគរយ។ អតិថិជនក៏​អាចរកទិញបន្លែទាំង​នេះ​បាន ​នៅតាមផ្សារទំនើបធំៗមួយ​ចំនួន និងម៉ាតរបស់ក្រុមហ៊ុនសុខា ស្ថិតនៅលើផ្លូវក្រមួន “ស” ខាងជើងផ្សារធំថ្មី រាជធានីភ្នំពេញ​ផងដែរ៕