តើឧកញ៉ា២រូប ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ៣ឆ្នាំកន្លងទៅ សម្រេចបានសមិទ្ធផលអ្វីខ្លះ?

ជុំវិញ​ឧកញ៉ា

រយៈពេល៣ឆ្នាំ​កន្លង​ទៅ​នេះ​ ក្នុងអាណត្តិទី៣ នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែល​មាន​​លោក​ឧកញ៉ា ហ៊ុន ឡាក់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ឧកញ៉ា សុង សារ៉ន ជា​ប្រធាន​សហព័ន្ធ ​​បាន​ធ្វើ​ឱ្យ​សហព័ន្ធ​មួយ​នេះ​ ទទួល​បាន​នូវ​សមិទ្ធផល​ធំៗ​ជា​ច្រើន ទោះ​បី​ជា​មាន​បញ្ហា​​​ផ្ទុះ​កូវីដ-១៩ ​យ៉ាង​ខ្លាំង​ក្លា​ក៏​ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ហ៊ុន ឡាក់

តាម​​របាយការណ៍​​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ដែល​បាន​​ថ្លែង​ក្នុងសន្និបាត និងការបោះ​ឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាភិបាល ប្រធានសហព័ន្ធ និងសមាជិកក្រុមប្រឹក្សាភិបាល នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ សម្រាប់អាត្តិទី៤ កាល​ពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ​​បាន​ឱ្យ​ដឹង​ថា សម្រាប់រយៈពេល ៣ឆ្នាំ នៃអាណត្តិទី៣ នេះ ទោះស្ថានការណ៍នៃកូវីដ-១៩ ក្រសួងពាណិជ្ជកម្មបានឃើញ​នូវវឌ្ឍនភាព​សំខាន់ៗ ​ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានសម្រេចការងារ មួយចំនួនដូចខាងក្រោម៖

១. បានពង្រឹងបាននូវមូលដ្ឋានដឹកនាំរបស់សហព័ន្ធ ដែលរៀបចំបាននូវការិយាល័យអចិន្ត្រៃយ៍
២. ការធ្វើប្រព័ន្ធប្រតិបត្តិការងារមានស្តង់ដារ ISO 9001:2015
៣. ការរៀបចំ គណនេយ្យភាពលើប្រព័ន្ធហិរញ្ញវត្ថុ ដោយមានសវនកម្មច្បាស់លាស់ពីសវនករឯករាជ្យ
៤. ការសម្របសម្រួល និងសហប្រតិបត្តិការគ្រប់ស្ថាប័នរដ្ឋ និងអង្គការដៃគូអភិវឌ្ឍន៍នានា
៥. ជាដៃគូរយ៉ាងពេញលេញជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានការជួយ​សម្រួលដល់ចរាចរអង្ករនៅតាមតំបន់ដែលការបិទខ្ទប់ ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅគ្រប់ភូមិសាស្ត្រ និងការរក្សាបាននូវស្ថិរភាពតម្លៃស្រូវ អង្ករលើទីផ្សារ។
៦. ចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការចរចាពង្រីកទីផ្សារនាំចេញ និងការសម្របសម្រួល​លើអនុស្សរណៈយោគយល់ MOU ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល។
៧. ការធ្វើបច្ចុប្បន្នភាពជាប្រចាំលើសន្ទុះតម្លៃ អង្ករ ស្រូវ ក្នុងស្រុក និងសម្រាប់នាំចេញ ដើម្បីផ្សព្វផ្សាយ​ជូន​សមាជិក និងប្រជាកសិករ។
៨. ជាអ្នកសម្របសម្រួលលើការនាំអង្ករចេញរបស់រាជរដ្ឋាភិបាលទៅកាន់ប្រទេសគុយបា ចំនួន ៦ពាន់​តោន ។

ឧកញ៉ា សុង សារ៉ន

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​​ការ​បោះឆ្នោត​​ជ្រើសរើស​ថ្នាក់ដឹកនាំ​សហព័ន្ធ​​​ស្រូវ​អង្ករ​កម្ពុជា ​​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ ​​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ បានទៅលើ ឧកញ៉ា ចាន់ សុឃាំង ខណៈ​ដែល​ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ទៅ​លើ ឧកញ៉ា សុង សារ៉ន ជំនួស​តំណែង​លោក​ឧកញ៉ា ហ៊ុន ឡាក់។

​សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងក្រោមកិច្ចប្រឹងប្រែង​សម្របសម្រួលរបស់​ក្រសួង​ពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ​២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាល​បច្ចេកទេសរបស់​ក្រសួង​ពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការអនុវត្តគោលនយោបាយ​ស្តីពីការជំរុញ​ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ៩ឆ្នាំ៕