ក្រុមហ៊ុន City Rice Import Export របស់ឧកញ៉ា ឡាយ ឈុនហួ គឺជាក្រុមហ៊ុនដែលបាននាំយក «អង្កររំដួល» កម្ពុជា ទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក និងទទួលបានពានរង្វាន់លេខ ១ ជា «អង្ករល្អដាច់គេ» នៅខេត្តភូកេត ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។
កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអបអរសាទរ និងអំណរគុណចំពោះ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City Rice Import Export ដែលបាននាំយក «អង្កររំដួល» របស់កម្ពុជាទៅចូលរួមប្រកួតក្នុងវេទិកាស្រូវ-អង្ករពិភពលោក រហូតទទួលបានពានរង្វាន់លេខ១ ជា «អង្ករល្អដាច់គេ»។
លោកឧកញ៉ា ឡាយ ឈុនហួ បានលើកឡើងផងដែរថា កិត្តិនាមដែលទទួលបាននេះ នឹងជួយផ្សព្វផ្សាយពីគុណភាពអង្ករកម្ពុជាកាន់តែច្រើន ពិសេសធ្វើឱ្យគេស្គាល់ពីគុណភាពអង្ករកម្ពុជា។ លោកឧញ៉ា បញ្ជាក់ជូនថា ដើម្បីទទួលបានជយលាភីនេះ អង្ករកម្ពុជាត្រូវឆ្លងកាត់ការត្រួតពិនិត្យទៅលើចំណុចជាច្រើនដូចជា រូបរាងគ្រាប់អង្ករ, ភាពទន់, ក្លិន និងរសជាតិ ជាដើម។
សូមជម្រាបជូនថា កន្លងមកអង្ករកម្ពុជាធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន ៤ លើករួចមកហើយ ដោយឈ្នះ ៣ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១២, ២០១៣ និង ២០១៤ និងចុងក្រោយក្នុងឆ្នាំ ២០១៨ នៅប្រទេសវៀតណាម និងជាលើកទី៥ នៅឆ្នាំ២០២២នេះ។ ក្រៅពីនោះ អង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ ២ ក្នុងឆ្នាំ ២០១៥, ២០១៦ និងឆ្នាំ ២០១៧ ផងដែរ៕