បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាប្រធានគណៈកម្មការផ្តល់ពិន្ទុវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែង “ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២” បានសំណូមពរឱ្យម្ចាស់ពានរង្វាន់ថ្នាក់ជាតិឆ្នាំ២០២២នេះ ត្រៀមខ្លួនទៅប្រកួតយកពានរង្វាន់កម្រិតអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២៣។

កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ (NIEI) បានរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ទាំង៤រូប គឺ៖
» លេខ១៖ លោក ឈរ រិទ្ធី (ខ្មែរ ហ្រ្វេស មិល ឯ.ក ខេត្តតាកែវ)
» លេខ២៖ លោកស្រី ទ្រី មុយគា (សហគ្រាសផលិតថ្នាំ ប៉េប៉េអឹម ភ្នំពេញ)
» លេខ៣៖ លោកស្រី ងន វ៉ាន់ថា (Color Silk Enterprise ភ្នំពេញ)
» លេខ៤៖ លោកស្រី ម៉ៅ សុធា (SHE Acrocam Products Co.,Ltd ភ្នំពេញ)។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងគណៈកម្មការផ្តល់ពិន្ទុវគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ បានថ្លែងក្នុងពិធីបិទពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ថា ឆ្នាំក្រោយនឹងមានការប្រកួតពានរង្វាន់សហគ្រិនអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី។ ដូច្នេះលោកសូមអំពាវនាវឱ្យអ្នកជាប់ ឬអ្នកមិនបានជាប់ ត្រៀមខ្លួនទៅប្រកួតពានរង្វាន់អាស៊ានឆ្នាំ២០២៣ ហើយក្នុងនោះក៏មានពានរង្វាន់ទូទៅ និងពានរង្វាន់ពិសេសថែមទៀត។
លោកបណ្ឌិត ក៏សំណូមពរដល់ថ្នាក់ដឹកនាំ និងគណៈកម្មការថ្នាក់ជាតិ ជួយរៀបចំបង្កើតឱ្យមានវគ្គណែនាំតម្រង់ទិសបន្ថែម មុនឱ្យបេក្ខជនឆ្នើមថ្នាក់ជាតិទាំងអស់ ទៅចូលរួមប្រកួតពានអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យបានជោគជ័យទាំងអស់គ្នា សម្រាប់ជាតិយើង។

សូមជម្រាបជូនថា ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ ដែលរៀបចំដោយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) និងសហគ្រិនខ្មែរ (KE) ឧបត្ថម្ភធំដោយធនាគារ ព្រីនស៍ បានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារហ៉ីម៉ាវ៉ារីភ្នំពេញ។ កម្មវិធីនេះ គាំទ្រដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕

