ឧកញ៉ា ប៊ុន រតនាសេម អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា បានបង្ហើបឱ្យដឹងថា ក្នុងរយៈពេលមួយថ្ងៃ មាន២៤ម៉ោង លោកធ្វើការ១៣ម៉ោង គេង៦ម៉ោង និងចំណាយពេលជាមួយគ្រួសារ៥ម៉ោង ហើយលោកគ្មានពេលសេសសល់ សម្រាប់ការសប្បាយផ្ទាល់ខ្លួននោះទេ។

លោកឧកញ៉ា បានបង្ហោះសារនៅព្រឹកថ្ងៃអាទិត្យនេះ យ៉ាងដូច្នេះថា៖ “មួយថ្ងៃមានតែ២៤ម៉ោង..ខ្ញុំធ្វើការ១៣ម៉ោង គេង៦ម៉ោង សម្រាប់គ្រួសារ៥ម៉ោង មិនមានសល់ពេលសម្រាប់ការសប្បាយផ្ទាល់ខ្លួនទេ។ ចុះបងប្អូនវិញ?”។

ឧកញ៉ា ប៊ុន រតនាសេម ជាអ្នកជំនួញវ័យក្មេងមួយរូប កំពុងតែខិតខំពង្រីកអាជីវកម្មលើពហុវិស័យ ដែលក្រៅពីវិស័យយានយន្ត លោកក៏មានមុខជំនួញផ្នែកម្ហូបអាហារ លក់គ្រឿងអលង្ការ និងវិស័យអចលនទ្រព្យផងដែរ។ ជាក់ស្តែង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ លោកទើបសម្ពោធបើកដំណើរការលក់គម្រោងដីឡូតិ៍ក្នុងរមណីយដ្ឋានលំហែរជាផ្លូវការ ដែលមានទីតាំងស្ថិតក្នុងភូមិទន្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងធ្វើឱ្យរូបលោកកាន់តែរវល់យ៉ាងខ្លាំង។

ទោះយ៉ាងណា ឧកញ៉ា ប៊ុន រតនាសេម តែងតែចំណាយពេលវេលា ដែលសល់ពីការងារ និងមុខរបរ ឆ្លៀតពេលមើលថែថ្នាក់ថ្នមភរិយា និងកូនៗមិនឱ្យពិបាកចិត្តឡើយ។ លោកឧកញ៉ា ប៊ុន រតនាសេម បានរៀបការជាមួយនឹងលោកជំទាវ លីឈី កាលឆ្នាំ២០១៩ ហើយរយៈពេល៣ឆ្នាំមកនេះ លោកនិងភរិយាមានបុត្រាបុត្រីចំនួន២នាក់ គឺកូនទី១ ជាកូនស្រី និងកូនទី២ ជាកូនប្រុស ដែលទើបសម្រាល កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ និងមានឈ្មោះយ៉ាងពិរោះថា “ម៉ាយុ”៕