អ្នកជំនាញ ស្នេីសុំរដ្ឋាភិបាលលុបចោលអាជ្ញាប័ណ្ណភ្នាក់ងារអចលនវត្ថុនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកជំនាញអចលនទ្រព្យ ឧកញ៉ា ឃាង ពុទ្ធី បានស្នើសុំទៅនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការរឹតបន្តឹង និងចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនផ្តល់សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ដែលមិនទាន់មានអាជ្ញាបណ្ណ។ ការស្នើសុំនេះ លោកថាដើម្បីប្រកួតប្រជែងគ្នាលើសង្វៀនអាជីវកម្មដោយភាពស្មោះត្រង់ និងតម្លាភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សានៃសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា ថ្លែងប្រាប់គេហទំព័រឧកញ៉ាញូស៍ថា៖ “និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវតែធ្វើការជំរុញការផ្សព្វផ្សាយរាល់ការប្រកបអាជីវកម្មនៅកម្ពុជា ពាក់ព័ន្ធនឹងសេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ ត្រូវតែមានអាជ្ញាបណ្ណប្រកបអាជីវកម្ម និងវិញ្ញាបនបត្រវិជ្ជាជីវៈ ជាមុនសិន”។

លោកឧកញ៉ាបន្តថា ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុ បច្ចុប្បន្នឃើញមានច្រើនប្រកួតប្រជែងគ្នាដោយខ្លះគ្មានអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈ ហើយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ គ្មានវិធានការផ្លូវច្បាប់លើក្រុមហ៊ុន ឫភ្នាក់ងារអចលនវត្ថុណាមួយនៅឡើយ ស្ងាត់ឈឹង។ លោកបន្ថែមទៀត ប្រសិនបើគ្មានវិធានការច្បាប់ គ្មានការផ្សព្វផ្សាយ ស្មើនឹងអត់ធ្វើការ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គួរតែនិរាករណ៍លុបអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈនោះតែម្តង ទុកឱ្យក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុទាំងនោះធ្វើការប្រកួតប្រជែងតាមអំពើចិត្តតែម្តងទៅ។

ទន្ទឹមនឹងនេះ ឧកញ៉ា ឃាង ពុទ្ធី ក៏បានលើកអំពីច្បាប់នៅប្រទេសថៃ ដោយមិនបានតម្រូវឱ្យក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុ ទៅស្នើសុំអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈឡើយ សម្រាប់ប្រកបអាជីវកម្មអចលនវត្ថុ លើកលែងតែអ្នកវិនិយោគក្រៅបរទេសទើបរដ្ឋាភិបាលតម្រូវការឱ្យធ្វើអាជ្ញាបណ្ណ។

លោកឧកញ៉ាថ្លែងថា៖ ដើម្បីដំណើរការភ្នាក់ងារអចលនទ្រព្យនៅក្នុងប្រទេសថៃ ក្រុមហ៊ុន ភ្នាក់ងារអចលនវត្ថុមិនត្រូវការអាជ្ញាប័ណ្ណទេ ប៉ុន្តែក្នុងនាមជាជនបរទេស នឹងត្រូវការទិដ្ឋាការត្រឹមត្រូវ និងទទួលបានប័ណ្ណការងារ។ ជន​ជាតិ​ថៃ​អាច​ធ្វើ​ការ​ជា​អចលន​ទ្រព្យ​បាន​ដោយ​គ្មាន​ការ​រឹត​បន្តឹង​អ្វី​ឡើយ។

យ៉ាងណា លោកឧកញ៉ាបានគូសបញ្ជាក់ថា បើទោះបីជាបែបនេះសម្រាប់នៅស្រុកថៃ ប៉ុន្តែនៅប្រទេសគេមានវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីស្វែងយល់អំពីឧស្សាហកម្មអចលនទ្រព្យ។

ទន្ទឹមនឹងនេះ លោកឧកញ៉ា ឃាង ពុទ្ធី ក៏បានបង្ហាញក្តីព្រួយបារម្ភផងដែរអំពីសាលាបង្រៀនអចលនទ្រព្យដែលគ្រោងនឹងនាំចូលមកកម្ពុជា ដោយអាចមានការរាំងស្ទះ។ ការណ៍នេះលោកថា ប្រហែលនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ មិនផ្តល់អាជ្ញាប័ណ្ណឱ្យបើកដំណើរការសាលាបង្រៀនអចលនទ្រព្យនៅកម្ពុជា ខណៈបច្ចុប្បន្នសាលានេះមានបង្រៀននៅក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ រួមទៅហើយ។

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ទេរអំណាច និងសិទ្ធិនៃការដោះស្រាយវិវាទអចលនទ្រព្យ និងការបញ្ជាំ ពីស្ថាប័នចាស់ (នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន) ទៅស្ថាប័នថ្មីមួយ គឺនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) កាលពីឆ្នាំ២០២១កន្លងទៅ។

និយ័តករនេះ នឹងមានតួនាទីផ្សះផ្សា និងដោះស្រាយវិវាទ នូវរាល់ពាក្យបណ្តឹងរបស់គូភាគីនៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ កិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនុប្បទានជាដើម៕