ចង់ក្លាយជាបុគ្គលឆ្នើម អាច​អនុវត្ត​ចំណុច​ទាំង​នេះ ជា​មួយ​ឧកញ៉ា វេជ្ជបណ្ឌិត​ គួច ម៉េងលី

ជុំវិញ​ឧកញ៉ា

ពាក្យថាបុគ្គលឆ្នើម មិនមែនសំដៅតែទៅលើជោគជ័យ អ្នកមានលុយ មានក្រុមហ៊ុនច្រើន ជាថៅកែ មានអ្នកនៅក្រោមបង្គាប់ច្រើននោះទេ។ យើងជាបុគ្គលិកគេ ក៏អាចក្លាយជាបុគ្គលឆ្នើមបានដែរ ឱ្យ​តែយើង​ខិតខំប្រឹងប្រែង ក្នុងផ្លូវល្អ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើន ការងាររលូនទៅមុខ ហើយប្រសិនបើ​យើង​ពិតជាមានបំណងចង់ជោគជ័យពិតប្រាកដនោះ ចូរកុំដាក់ ដែនកំណត់ឱ្យខ្លួនឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានន័យថា បើធ្វើការឱ្យគេ កុំធ្វើការតែមួយមុខតាមផែនការ។ បើគេដាក់ការងារឱ្យធ្វើ៥ យើងគួរ​កុំធ្វើ​តែ៥ តែយើងត្រូវធ្វើឱ្យបានយ៉ាងតិច៨ ឬក៏១០ ព្រោះកាលណាគេដាក់៥ យើងធ្វើ៥ មិនខុសអ្វី​ពីការដាក់ដែនកំណត់ ខ្លួនឯងឱ្យរស់នៅក្នុងប្រអប់កញ្ចក់នោះទេ។ ឬជួនកាលគេអាចដៀលយើងថា យើងជាមនុស្សមិនបានសាច់ការក៏ថាបាន ព្រោះថាគេដាក់អីឱ្យយើងធ្វើ គឺយើងធ្វើតែមួយមុខហ្នឹង មិនចេះពង្រីកគំនិត ពង្រីកចំណេះដឹង ពង្រឹងភាពក្លាហាន ហ៊ានគិត ហ៊ានធ្វើ ហ៊ានសម្រេចចិត្ត និងហ៊ានទទួលខុសត្រូវ។

ជាបទពិសោធ បុគ្គលខ្លះ ប្រសិនបើអ្នកគ្រប់គ្រង ឬថៅកែគេដាក់ការងារឱ្យធ្វើ៥ គឺធ្វើតែ៥ហើយ​ខ្លះទៀតត្អូញត្អែរថា មិនហ៊ានធ្វើឱ្យលើស៥ទេ ព្រោះខ្លាចខុស ឬខ្លាចថាមេមើលមិនឃើញ ឬមិន​ដែលមើលឃើញពីគុណសម្បត្តិ ដែលខ្លួនបានខិតខំធ្វើ។

តាមពិតទៅ ដើម្បីក្លាយជាបុគ្គលិក ឬបុគ្គលគំរូ គួរកុំគិតបែបនេះ ព្រោះបើថ្នាក់លើ ឬថៅកែគេមើល​មិនឃើញពីគុណសម្បត្តិ ពីការខិតខំរបស់យើង នោះជារឿងរបស់គេ ព្រោះថៅកែខ្លះ​មានចរិតបែប​នេះមែន។ តែគួរគិតថា ទោះមេមើលឃើញ ឬមើលមិនឃើញក៏ដោយ គង់មានថ្ងៃណាមួយ គេនឹង​មើលឃើញ និងផ្តល់កិត្តិយស លើកទឹកចិត្ត។

ដើម្បីភាពជោគជ័យ គប្បីយើងហ៊ានវាយបំបែក ប្រអប់កញ្ចក់ រួចចេញមករស់នៅខាងក្រៅឱ្យបាន។ ការដាក់ដែនកំណត់ការងារខ្លួនឯង គឺជាការ រស់នៅក្នុងប្រអប់កញ្ចក់។ ដូច្នេះ ចូរខិតខំធ្វើការដោយ​ពេញដៃពេញជើង។
កុំឡេះឡោះ កុំមាយា កុំខ្លាចហត់ កុំថ្នមកម្លាំងពេក។ បើធ្វើបែបនេះបាន មិនយូរមិនឆាប់ យើងនឹង​ក្លាយ​ជាអ្នកគ្រប់គ្រងគេនៅពេលថៅកែ ឬថ្នាក់លើអវត្តមាន។
ត្រូវចេះបំបែកគំនិត ហើយផលិតបរិមាណការងារ ឱ្យបានច្រើន ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព៕


ខ្លឹមសារ​ទាំង​ស្រុង ដោយ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី