ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងជាសំណួរដើម្បីជាការត្រិះរិះពិចារណាថា “តើសុខភាព លុយ និងអំណាច មួយណាសំខាន់ជាងគេ?”។ ទោះយ៉ាងណា ក្រៅពីកត្តាធំៗទាំង៣នេះ លោកឧកញ៉ា យល់ថាចំណេះដឹង គឺសំខាន់ជាងគេបំផុត ព្រោះចំណេះដឹងអាចជួយឱ្យយើងចេះថែរក្សាសុខភាព រកលុយ និងអាចបានទាំងអំណាច។

លោកឧកញ៉ា គីម ហ៊ាង បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖
១. តើសុខភាព និងលុយ មួយណាសំខាន់ជាង? លុយមានតម្លៃ នៅពេលសុខភាពល្អ!
២. តើយើងគួរស្វែងរកអំណាចជាមុន ឬរកលុយជាមុន? ស្វែងរកអំណាច ដើម្បីការពារលុយដែលយើងមានច្រើនស្រាប់!
៣. តើរស់ឱ្យបានយូរ និងរកលុយឱ្យបានច្រើន មួយណាសំខាន់ជាង? រស់ឱ្យបានយូរ ដើម្បីចាយលុយ ដែលយើងមានច្រើន!
៤. តើជីវិតមានសុខភាព តែអត់លុយ ឬមានលុយ តែអត់អំណាច ជាជីវិតយ៉ាងម៉េច? ជីវីត ត្រូវតែមានសុខភាព លុយ និងអំណាច!
៥. តើសុខភាព លុយ និងអំណាច មួយណាសំខាន់ជាងគេ? ចំណេះដឹង សំខាន់ជាងគេ ព្រោះចំណេះដឹងអាចជួយយើងឱ្យចេះថែសុខភាព រកលុយ និងអំណាចបាន។

គួរបញ្ជាក់ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាបុគ្គលម្នាក់ដែលស្រឡាញ់សុខភាពជាខ្លាំង ហើយលោកតែងតែលេងកីឡា ជាពិសេសលេងបាល់ទាត់ជាញឹកញាប់។ លើសពីនេះ លោកក៏ជាប្រធានក្រុម និងជាខ្សែប្រយុទ្ធក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United ទៀតផង។ លោក ក៏ត្រូវបានគេចាត់ទុកថា ជាសេដ្ឋីមួយរូបនៅកម្ពុជា ដែលជាម្ចាស់គម្រោងបុរីចំនួន២កន្លែង គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និងបុរី វិមានសំណាង (Borey Vimean Samnang) ដែលជាបុរីលំដាប់អភិជនសម័យថ្មីផងដែរ៕

