តើឧកញ៉ា ពាណិជ្ជករ រូបណាខ្លះ ជាប់ឈ្មោះដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤

ជុំវិញ​ឧកញ៉ា

នៅខែវិច្ឆិកា ចុងឆ្នាំ២០២២នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានធ្វើការបោះឆ្នោតជ្រើសរើសសមាសភាពថ្នាក់ដឹកនាំសារជាថ្មី ក្រោយផុតអាណត្តិទី៣ រយៈពេល ៣ឆ្នាំកន្លងទៅ។ សម្រាប់អាណត្តិទី៤នេះ ឧកញ៉ា សុង សារ៉ន អតីតប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ជាប់ជាប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ខណៈឧកញ៉ា ហ៊ុន ឡាក់ អតីតប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធ ត្រូវបានផុតអាណត្តិទី៣របស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធ ជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ ឆ្នាំ២០២៣-២០២៥ ជំនួសតួនាទីឧកញ៉ា សុង សារ៉ន កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកន្លងថ្មីៗនេះ។

សេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល អាណត្តិថ្មី ទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា បានបង្ហាញសមាសភាពសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ចំនួន ២១រូប រួមមាន៖ ឧកញ៉ា ភួ វាសនា, ឧកញ៉ា យិន វែងអាន, លោក ហេង ផេង, លោក រស់ សុផារិទ្ធ, លោក ហ៊ាង គីមហ៊ួរ, លោក ម៉េង បូរ៉ាន់, លោក ហុង តុង, លោក ចាន់ ពេជ្រ, លោក យន់ ហុង, លោក កាន់ គន្លី, លោក ថូវ វុទ្ធី, លោក ហ៊ី ហ៊ត, លោក ចាន់ វុទ្ធី, លោក ម៉ាក ចំរើន, លោកស្រី ឡ សេងលាភ, លោកស្រី ផាប រក្សា, លោកស្រី ថេ សុខា, កញ្ញា សៅ ខេមណ្ណារ័ត្ន, លោក ឈិត ប៊ុនថន, លោក និល សុភាព និងលោក ឆេង ថុង។

គួររំលឹកថា សហព័ន្ធស្រូវអង្ករកម្ពុជា បង្កើតឡើងក្រោមកិច្ចប្រឹងប្រែង​សម្របសម្រួលរបស់​ក្រសួង​ពាណិជ្ជកម្ម នៅឆ្នាំ២០១៤ ហើយបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យលេខ​២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដោយស្ថិតក្រោមអាណាព្យាបាល​បច្ចេកទេសរបស់​ក្រសួង​ពាណិជ្ជកម្ម ដែលជាដៃគូរាជរដ្ឋាភិបាលតែមួយគត់ ក្នុងការអនុវត្តគោលនយោបាយ​ស្តីពីការជំរុញ​ផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលរហូតដល់ពេលនេះមានរយៈពេល ៩ឆ្នាំ មក​ហើយ៕