រដ្ឋមន្ត្រីក្រសួងការងារ ថា ឧកញ៉ា សុខ ពិសិដ្ឋ ជាវិនិយោគិនជាទីទុកចិត្តម្នាក់

ជុំវិញ​ឧកញ៉ា

រដ្ឋមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ វាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគ និងកេរ្តិ៍ឈ្មោះឧកញ៉ា សុខ ពិសិដ្ឋ ដែលទើបបោះឆ្នោតឱ្យកាន់ដំណែងដឹកនាំជាប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) អាណត្តិទី១០ ឆ្នាំ២០២៣-២០២៤ ជំនួសឧកញ៉ា វ៉ាន់ ស៊ូអៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើកឡើងក្នុងពិធីលៀងសាយភោជនអបអរសាទរមហាសន្និបាតប្រចាំឆ្នាំ២០២២ និងស្វាគមន៍សមាជិកក្រុមប្រឹក្សាភិបាលថ្មី របស់សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានសំដែងនូវការអបអរសាទរចំពោះ ឧកញ៉ា សុខ ពិសិដ្ឋ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឱ្យធ្វើជាប្រធានថ្មីរបស់ CAMFEBA សម្រាប់អាណត្តិ២០២៣-២០២៤ នេះ។

លោកថា ឧកញ៉ា សុខ ពិសិដ្ឋ ក៏ជាវិនិយោគិនជាទីទុកចិត្តម្នាក់ ដែលមានកេរិ៍ឈ្មោះល្អ បទពិសោធន៍រកស៊ី និងការទទួលខុសត្រូវ និងក៏ជាដៃគូដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។

ជាមួយគ្នានោះដែរ នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការងារ ព្រមទាំងសមាជិក សមាជិកា ឧកញ៉ា សុខ ពិសិដ្ឋ បានប្រកាសប្តេជ្ញាចិត្តបន្តដឹងនាំកសាង និងអនុវត្តគោលនយោបាយការងារ ព្រមទាំងលើកស្ទួយភាពជាតំណាងបំផុតរបស់ CAMFEBA ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលជាពិសេស ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ និងដៃគូរនានាៗ ក្នុងការជម្រុញលើកកម្ពស់ និងគាំទ្រសុខមាលភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញផលិតភាពការងារ ជម្រុញនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

គួររំលឹកថា ឧកញ៉ា សុខ ពិសិដ្ឋ ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន LG Group និងប្រធានបណ្តាញសហគ្រិនអាស៊ាន ផងដែរ៕