ឧកញ៉ា ឡេង ប្រុស៖ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និងអរូបីរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្ត

ជុំវិញ​ឧកញ៉ា

«ជាការពិតណាស់នៅកម្ពុជាមានសិល្បៈបែបសម្តែងច្រើនប្រភេទ ទាំងតន្ត្រី របាំ ល្ខោន ការនិទាន សូត្រជាដើម។ មានមរតក ប្រពៃណីខ្មែរខ្លះ ត្រូវបាត់បង់ដោយប្រការផ្សេងៗ តាមកាលទេសៈក្នុងប្រវត្តិដ៏វែងឆ្ងាយរបស់​​ស្រុកខ្មែរ»។ នេះជាការគូសបញ្ជាក់របស់ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត្រា ខ្នាតយក្ស ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ក្រោមប្រធានបទ ព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ កាលពីសប្តាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងឪកាសនោះ ឧកញ៉ា ឡេង ប្រុស មានប្រសាសន៍ថា បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបទាំងរូបី និងអរូបីដែលបុព្វបុរសយើងបានបន្សល់ទុករហូតដល់សព្វថ្ងៃមិនត្រឹមតែ ជាសក្ខីភាពបង្ហាញពីភាពរុងរឿងថ្កុំថ្កើងគួរជាទីស្ញប់ស្ញែងនៃមនុស្សជាតិប៉ុណ្ណោះទេ  ថែមទាំងមានតួនាទីដ៏សំខាន់ក្នុងការផ្សារភា្ជប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស សង្គមនិងសង្គម ព្រមទាំងរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពទៀតផង។

លោកឧកញ៉ាបន្តថា ក្នុងចរន្តនៃសាកលភាវូបនីយកម្ម សម័យបច្ចេកវិទ្យាទំនើបបានញ៉ាំងឲ្យសង្គមមានការវិវត្តយ៉ាងគំហុក ដែលជាហេតុធ្វើឲ្យមរតកវប្បធម៌ដ៏មានតម្លៃមួយចំនួនទទួលរងនូវការប្រឈមយ៉ាងខ្លាំង រហូតអាចនឹងឈាន​ទៅបាត់បង់ដោយអន្លើៗ។ ក្នុងន័យនេះ លោកឧកញ៉ាបានអំពាវនាវឲ្យជនរួមជាតិត្រូវតែចូលរួមក្នុងការថែរក្សា ការការពារ ការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិឲ្យបានគង់វង្ស។

ថ្លែងក្នុងពេលជាអធិបតីក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ លោកឧកញ៉ា ឡេង ប្រុស បានបន្ថែមថា៖ «ក្នុងនាមខ្ញុំបាទជាជនជាតិខ្មែរ ស្រឡាញ់និងឱ្យតម្លៃខ្ពស់ចំពោះវប្បធម៌អរិយធម៌ដ៏ល្អផូផង់ដែលដូនតាខ្មែរយើងបានបន្សល់ទុកជាទ្រព្យដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់ជូនដល់ប្រជាជាតិខ្មែរយើងសព្វថ្ងៃនេះ។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា កម្មវិធីដ៏មានអន្ថន័យនេះគឺជាផ្នែកមួយ ដែលនឹងបន្តបំផុសការចូលរួមរបស់យុវជន ឲ្យស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នា មិនត្រឹមតែថែរក្សាការពារ ឲ្យបានស្ថិតស្ថេរគង់វង្សប៉ុណ្ណោះទេ តែត្រូវជំរុញលើកស្ទួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែល្បីរន្ទឺបន្ថែមទៀត ទាំងក្នុងតំបន់ និងសកលលោក ដូចទៅនឹងពាក្យស្លោកបុរាណយើងតែងលើកថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាង»៕