ជាមួយភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា ត្រូវបានមើលឃើញថា មានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ពិសេសក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ឧកញ៉ា ឃាង ពុទ្ធី ទីប្រឹក្សាសមាគមអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ថ្លែងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ២០២២ របស់សមាគមអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា កាលពីថ្ងៃទី៣ ខែធ្នូម្សិលមិញ បានអំពាវនាវឲ្យរាជរដ្ឋាភិបាល ជាពិសេសរដ្ឋាករទឹក និងអគ្គិសនីកម្ពុជា ពិនិត្យមើលគម្រោងដីឡូតិ៍ដែលបានពុះបែងចាយក្បាលដីរួចរាល់ធ្វើអាជីវកម្ម ហើយបានលក់ជូនអតិថិជន ជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹក-ភ្លើង ដើម្បីឲ្យប្រជាជនសាងសង់ផ្ទះបានក្នុងតម្លៃសមរម្យ។
ការស្នើសុំយ៉ាងដូច្នេះពីឧកញ៉ា ឃាង ពុទ្ធី បន្ទាប់ពីលោកមើលឃើញអ្នកទិញដីឡូតិ៍នៅប្រទេសកម្ពុជាមានចំនួនច្រើនរហូតដល់ ៤០ម៉ឺនឡូតិ៍មកដល់ពេលបច្ចុប្បន្ន។ ការណ៍នេះ ដើម្បីសម្រួលដល់បងប្អូនកម្មករ កម្មការិនី និងអ្នកប្រកបមុខរបរតិចតួចដែលមានជីវភាពកម្រិតទៅមធ្យម ដោយលោកឧកញ៉ាចាត់ទុកថា ដីឡូតិ៍ល្អសម្រាប់ពួកគាត់ដែលមានពុំទាន់មានលទ្ធភាពទិញផ្ទះបានក្នុងតម្លៃប្រហែល ៥ម៉ឺនទៅ ១០ម៉ឺនដុល្លារ។
លោកពន្យល់ថា ការទិញដីឡូតិ៍ពួកគាត់អាចបង់រំលោះបានដោយគ្រាន់តែមាន ៥ពាន់ដុល្លារទៅ១ម៉ឺនដុល្លារហើយបង់បន្តិចម្តងៗ ដល់ពេលថ្ងៃក្រោយមានលទ្ធភាពអាចសង់ផ្ទះបានក្នុងតម្លៃសមរម្យ។
ថ្លែងមកកាន់គេហទំព័រឧកញ៉ាញូស៍ ឧកញ៉ា ឃាង ពុទ្ធី បានបញ្ជាក់ថា វិស័យអចលនទ្រព្យដើរតួនាទីយ៉ាងសំខាន់ជួយទ្រទ្រង់សេដ្ឋកិច្ច តាមរយៈគម្រោងវិនិយោគ ឬអភិវឌ្ឍអចលនទ្រព្យនានា។ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន បើតាមអ្នកជំនាញរូបនេះ អ្នកអភិវឌ្ឍអចលនទ្រព្យត្រូវតែអភិវឌ្ឍមានគុណភាព និងសំណង់សាងសង់ទៅតាមច្បាប់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ តាមនិយាមការត្រឹមត្រូវផងដែរ។
ទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ក្រសួងបានចេញលិខិតអនុញ្ញាតឱ្យសាងសង់ជាង ៥៧ ០០០ ការដ្ឋានសំណង់នៅទូទាំងប្រទេស។ តាមការប៉ាន់ស្មានវិនិយោគសរុបក្នុងវិស័យសំណង់នារយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ មានប្រមាណជាង ៦៦ ពាន់លានដុល្លារអាមេរិក ហើយវិស័យនេះបានផ្តល់ការងារជាមធ្យម ១៥ ម៉ឺននាក់ក្នុង ១ ថ្ងៃ។
ទន្ទឹមនឹងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅដើមឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន ១ ៦០៣ អគារ ដោយក្នុងនោះអគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅមានចំនួន ២២៥ អគារ។ ដោយឡែកក្នុងខេត្តព្រះសីហនុ គិតមកទល់ពេលនេះ អគារដែលសាងសង់រួច និងកំពុងដំណើរការមានចំនួន ២៧៨ អគារ និងអគារដែលបានបញ្ចប់ការសាងសង់ តែមិនដំណើរការមានចំនួន ២៥១ អគារ៕