អ្នកឧកញ៉ា ឧកញ៉ា និងអ្នកជំនួញធំៗនៅកម្ពុជា ត្រូវបានរៀបចំឱ្យអង្គុយនៅទីតាំងពិសេសមួយ សម្រាប់ការចូលរួមពិធីពិសាភោជនាហារពេលល្ងាចនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្នុងពិធីមង្គលការចៅស្រីលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ។
ពិធីអាពាហ៍ពិពាហ៍របស់ត្រកូលគ្រួសារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមួយនេះ ក្រុមការងារពិធីការ បានសម្រេចយកអគារចំនួន៥ នៃមជ្ឈមណ្ឌល OCIC ក្នុងការទទួលភ្ញៀវកិត្តិយស ដែលរួមមានថ្នាក់ដឹកនាំកំពូលៗ អ្នកឧកញ៉ា ឧកញ៉ា និងអ្នកមុខអ្នកការជាច្រើនរូប។ ក្នុងនោះ សម្រាប់អ្នកឧកញ៉ា ឧកញ៉ា អ្នកជំនួញ និងអ្នករកស៊ីធំៗ ត្រូវបានរៀបចំឱ្យអង្គុយនៅអគារ E ហើយក្នុងអគារ E នេះ ក៏មានតុ VIP មួយ សម្រាប់ទទួលអ្នកឧកញ៉ាធំៗនៅកម្ពុជាផងដែរ។
ដោយឡែកសម្រាប់អគារ៤ទៀត នឹងទទួលភ្ញៀវ និងឥស្សរជនជាន់ខ្ពស់ផងដែរ ដែលក្នុងនោះរួមមាន៖ អគារ B សម្រាប់ញាតិមិត្តកូនក្រមុំ និងមន្ត្រីរាជការ, អគារ C សម្រាប់បងប្អូនកូនក្រមុំ VIP ក្រុមកូនៗសម្តេចតេជោ ហ៊ុន សែន និង រដ្ឋមន្ត្រី VIP, អគារ D សម្រាប់ឆាក និងតុថ្នាក់ដឹកនាំជាន់ខ្ពស់លំដាប់ VVIP និងអគារ F សម្រាប់ញាតិមិត្តកូនកំលោះ រួមទាំងភ្ញៀវផ្សេងៗទៀត។
សូមជម្រាបថា ចៅស្រី លោក ជា សុផារ៉ា មានឈ្មោះថា “អ៊ាង និធិជ្ជនី ដឺណេ” ត្រូវជាកូនស្រីរបស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថាននិងលោកជំទាវ ជា សុផាកន្នី នឹងត្រូវចូលរោងជ័យរៀបមង្គលការដ៏ធំជាមួយនឹងកូនកំលោះឈ្មោះថា “ប៉ែន សំអាត សុទ្ធចិត្ត” កូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និងលោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។
តាមកម្មវិធីគ្រោងទុក អាពាហ៍ពិពាហ៍ខាងលើនេះ ត្រូវរៀបចំរយៈពេលពីរថ្ងៃនៅភូមិគ្រឹះរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលត្រូវជាជីតារបស់កូនក្រមុំ ចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ ខណៈដែលពិធីញ៉ាំអាហារពេលល្ងាច នាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕