តែបៃតង អូអ៊ិឈិ (OISHI) ជាផលិតភេសជ្ជៈនាំមុខគេមួយ ក្នុងការចរាចរណ៍លើទីផ្សារនៃប្រទេសកម្ពុជា។ ក្រុមហ៊ុន HSC Food & Beverages ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HSC Group របស់ឧកញ៉ា សុខ ហុង បានសហការជាមួយក្រុមហ៊ុនថៃ Oishi Trading Co., LTD ដើម្បីនាំចូលផ្តាច់មុខ និងលក់ចែកចាយនូវតែបៃតង អូអ៊ិឈិ នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៧។

ក្រុមហ៊ុន អេចអេសស៊ី គ្រុប (HSC Group) ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ដោយឧកញ៉ា សុខ ហុង។ ក្រោមការដឹកនាំលោកឧកញ៉ា ក្រុមហ៊ុនបាននិងកំពុងពង្រីកវិសាលភាពកាន់តែធំឡើង ដោយក្នុងនោះមានមុខជំនួញធំៗចំនួន៨ និងបានសហការជាមួយដៃគូជាច្រើនជុំវិញពិភពលោក ដោយបាននាំចូលផលិតផលយីហោល្បីៗរបស់ពិភពលោក យីហោប្រចាំតំបន់ និងនៅកម្ពុជា ជាង២០មុខ នាពេលបច្ចុប្បន្ន។

បច្ចុប្បន្នក្រុមហ៊ុន HSC Food & Beverages បានជ្រើសរើសតារាចម្រៀង សុខ ពិសី ជាទូតសុឆន្ទៈក្នុងការជួយផ្សព្វផ្សាយនូវភេសជ្ជៈ តែបៃតង អូអ៊ិឈិ។ តែបៃតង អូអ៊ិឈិ មានជាច្រើនរស់ជាតិ ដូចជា អូអ៊ិឈិសូដា ដែលមានជាតិហ្គាស និងតែបៃតង អូអ៊ិឈិក្រូចឆ្មារទឹកឃ្មុំ ដែលមានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់។ ការញ៉ាំតែបៃតង អូអ៊ិឈិ ត្រូវបានគេយល់ថា អាចជួយឱ្យអារម្មណ៍ស្រស់ស្រាយ និងជួយឱ្យស្បែកមើលទៅស្រស់ស្អាត ភ្លឺថ្លា ជាងមុន។

គួរបញ្ជាក់ថា លោកឧកញ៉ា សុខ ហុង គឺជាកូនប្រុសរបស់អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិចគ្រុប និងជាម្ចាស់សណ្ឋាគារ សុខា។ ក្រៅពីជាប្រធានក្រុមហ៊ុន អេចអេសស៊ី គ្រុប លោកឧកញ៉ា សុខ ហុង ដែលមានបងប្អូនចំនួន ៦នាក់ ក៏កំពុងកាន់តួនាទីជាអនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សម្រាប់អាណត្តិទី៦ ឆ្នាំ ២០១៩-២០២៣ ផងដែរ៕