តារាចម្រៀងជើងចាស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត កំពុងត្រៀមខ្លួនឡើងច្រៀងក្នុងកម្មវិធីធំចំនួនពីរ នៅខេត្តព្រះសីហនុ នៅចុងសប្តាហ៍នេះ និងដើម្បីអបអរក្នុងពិធីបុណ្យសមុទ្រ ដែលប្រារព្វធ្វើឡើងនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះផង។
កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ខេមរៈ សិរីមន្ត បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកនឹងត្រឡប់មកចូលរួមការប្រគុំតន្ត្រីឱ្យសកម្មដូចមុនវិញ។ សារនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកជាច្រើន បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងសង្ឃឹមថា លោកឧកញ៉ា នឹងបន្តបញ្ចេញសំនៀងលើឆាកតន្ត្រីធំៗ ព្រមទាំងចេញនូវបទចម្រៀងថ្មីៗបន្ថែមទៀត។
តបតាមការអញ្ជើញ តារាចម្រៀង ខេមរៈ សិរីមន្ត នឹងចូលរួមច្រៀងនៅក្នុងក្លិបកម្សាន្ត Taxi Pub ក្រុងព្រះសីហនុ នៅរាត្រី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ លើសពីនេះ លោកឧកញ៉ា សិរីមន្ត និងតារាចម្រៀងល្បីៗជាច្រើនរូបទៀត នឹងសម្តែងលើឆាកតន្ត្រី Anchor ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីបុណ្យសមុទ្រដ៏កក្រើក រយៈពេលបីថ្ងៃពេញ ពីថ្ងៃទី៩-១១ ខែធ្នូ នៅក្រោយឆ្នេរអារីស្តុន ក្រុងព្រះសីហនុ អមដោយកម្មវិធីសប្បាយៗ និងការសម្ដែងសិល្បៈពិសេសជាច្រើនទៀត។
គួរបញ្ជាក់ដែរថា តារាចម្រៀង ខេមរៈ សិរីមន្ត ទទួលបានភាពជោគជ័យលើការងារសិល្បៈ រយៈពេលជិត២ទសវត្សមកហើយ តាំងពីលោកចេញបទដំបូងៗដូចជាបទ “ព្រលឹតបាតបឹង” និងបទ “អន្ទងស្នេហ៍” ជាដើម ប៉ុន្តែរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍នៅតំបន់មួយចំនួន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលធ្វើឱ្យលោកឃ្លាតឆ្ងាយពីការងារសិល្បៈមួយរយៈ៕