អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) បានឧបត្ថម្ភស្រាបៀរគ្រុឌចំនួន ២០០០កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្រាប់ត្រៀមឆ្លងឆ្នាំសកលចូលឆ្នាំ២០២៣ ខាងមុខនេះ។

កម្មវិធីប្រគល់-ទទួលស្រាបៀរគ្រុឌនេះ ធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោកអភិបាលខេត្តថ្មី ខូយ រីដា ដែលទើបទទួលការតែងតាំងថ្មី ជំនួសលោក ជាវ តាយ កាលចុងខែវិច្ឆិកា និងអភិបាលរង មន្ត្រីរបស់រដ្ឋបាលខេត្ត រួមទាំងខាងតំណាងរបស់ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី។
លើសពីនេះ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ក៏បានឧបត្ថម្ភស្រាបៀរគ្រុឌដល់កងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ថែមទៀត ដោយក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ទទួលបាន ៥០០កេស និង ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលបាន ៥០០កេស ផងដែរ។

លោក ខូយ រីដា តំណាងឱ្យរដ្ឋបាលខេត្ត និងប្រជាជននៅខេត្តពោធិ៍សាត់ទាំងមូល បានថ្លែងអំណរគុណ និងថ្លែងថា នេះជាទឹកចិត្តដ៏ស្មោះសររបស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ដែលបានឧបត្ថម្ភស្រាបៀរគ្រុឌដល់រដ្ឋបាលខេត្តពោធិ៍សាត់ និងអង្គភាពកងកម្លាំងនៃខេត្តពោធិ៍សាត់។ លោកអភិបាល ក៏បានជូនពរដល់អ្នកឧកញ៉ា ព្រមទាំងសហការី ឱ្យជួបតែពុទ្ធពរ៤ប្រការ ជៀសផុតពីជម្ងឺកូវីដ-១៩ និងកាន់តែជោគជ័យអាជីវកម្មបន្ថែមទៀត៕