ឧកញ៉ា ចាន់ សុឃាំង ទើបជាប់ជាប្រធានថ្មីសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងស្ថាប័នពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំជាមួយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា កិច្ចពិភាក្សាការងារលើកនេះ ដើម្បីប្រមូលធាតុចូល និងពិភាក្សាបន្ថែមទៅលើយុទ្ធសាស្រ្តទីផ្សារក្នុងការជំរុញការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក តើត្រូវធ្វើយ៉ាងណាដើម្បីនាំអង្ករចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិកបាន ក៏ដូចជាធ្វើឱ្យទីផ្សារអង្ករកម្ពុជាអាចដំណើរការបាននៅលើទីផ្សារសហរដ្ឋអាមេរិកឱ្យបានកាន់តែឆាប់ និងបានបរិមាណកាន់តែច្រើន។
កាលពីពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិន និងពាណិជ្ជករសហរដ្ឋអាម៉េរិក ខណៈដែលក្រុមហ៊ុនអាម៉េរិកជាច្រើន បានសម្តែងឆន្ទៈក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា ក្នុងវិស័យកសិកម្ម ដើម្បីនាំចេញកសិផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងពិភពលោក។
តំណាងប្រតិភូក្រុមហ៊ុនសហរដ្ឋអាម៉េរិក លើកឡើងថា កម្ពុជាគឺជាឃ្លាំងស្តុកផលិតផលកសិកម្មដ៏សំខាន់មួយ ដែលអាចចូលរួមចំណែកដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀងក្នុងតំបន់ និងពិភពលោក ពិសេសគឺសហរដ្ឋអាម៉េរិកតែម្តង ហើយទំនិញសំខាន់ៗដែលជាសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី ស្វាយ ដូង ម្រេច អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ ស៊ុត ត្រី ក្រូចពោធិ៍សាត់ អាហារសម្រន់ ស្រូវ-អង្ករ និងផលិតផលក្តារបន្ទះ ជាដើម។
សូមជម្រាបថា រដ្ឋដែលជាទីផ្សារសក្តានុពលសំខាន់ៗ នៅសហរដ្ឋអាម៉េរិក សម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា រួមមាន ក្រុង Lowell នៃរដ្ឋ Massachusetts, រដ្ឋ California, រដ្ឋ Seattle និងរដ្ឋ Texas ហើយជាពិសេសគឺរដ្ឋដែលមាន Cambodian Town និងមានប្រជាជនខ្មែររស់នៅច្រើន៕