ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 យល់ថា សម័យបច្ចុប្បន្ននេះ ជាសម័យដែលគ្រប់កិច្ចការទាំងអស់ គឺប្រកួតប្រជែងដោយសមត្ថភាព ហើយបើយើងមិនខ្លាំង កុំសង្ឃឹមថាមានអ្នកជួយជ្រោមជ្រែង។

លោកឧកញ៉ា បានលើកឡើងតាមរយៈបណ្តាញសង្គម កាលពីថ្ងៃអង្គារម្សិលមិញថា៖ “‘បើយើងមិនខ្លាំង កុំសង្ឃឹមថាមានអ្នកជួយ។ កុំទុកភាពជោគជ័យ លុយកាក់របស់មនុស្សមួយចំនួនថាសុទ្ធតែកើតឡើងព្រោះតែសំណាង។ សម័យនេះ ជាសម័យដែលគ្រប់កិច្ចការប្រកួតប្រជែងដោយសមត្ថភាព។ មនុស្សខ្លះសូម្បីតែទាយក៏អ្នកគ្មានឱកាសទាយត្រូវថាគេកំពុងធ្វើអ្វីខ្លះ?”។
អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra បានបន្ថែមថា មុននឹងទាស់ចិត្តឱ្យទៅអន់ចិត្ត ចំពោះគេ ដែលមិនជួយអ្នក សូមអ្នកសំឡឹងមើលខ្លួនឯងជាមុនសិន ថាតើអ្នកមានសមត្ថភាពអ្វី អាចឱ្យគេជួយជ្រោមជ្រែងបាន? ធាតុពិតនៃសុភមង្គលចំពោះមិត្តភាពបច្ចុប្បន្ននេះគឺ “រស់ រាប់ ចេះផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក” ទើបរស់ រាប់គ្នាបានយូរអង្វែង ហើយនាំគ្នារីកចម្រើនបាន។

សូមជម្រាបថា លោក យឹម តាស្រង់ ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីសម្រេចចាកចេញពីផលិតកម្ម Galaxy Navatra ជាផ្លូវការ ក្រោយរួមរស់ក្នុងទ្រនំមួយនេះ ជាង៣ឆ្នាំកន្លងទៅ។ បន្ទាប់មកទៀត លោកក៏ទើបប្រកាសលក់ដីគម្រោងដំបូងរបស់លោក ចំនួនបីទៅបួនកន្លែងផងដែរ។ លោក យឹម តាស្រង់ ត្រូវបានព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕