ឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានលើកឡើងថា ជីវិតរបស់មនុស្សយើងម្នាក់ៗមានពេលវេលាខ្លីណាស់ ដូច្នេះត្រូវតែចេះរស់នៅឱ្យមានប្រយោជន៍ សប្បាយរីករាយនូវអ្វីដែលខ្លួនមាន រស់នៅតាមរបៀបជាខ្លួនឯង ហើយកុំបៀតបៀនអ្នកដទៃ។
លោកឧកញ៉ា បានបញ្ចេញទស្សនៈមួយនៅព្រឹកថ្ងៃពុធនេះយ៉ាងដូច្នេះថា៖ “មនុស្សគ្រប់គ្នាកើតមក មានសប្បាយមានទុក្ខជារឿងធម្មតា។ កុំអង្គុយកើតទុក្ខ រអ៊ូរទាំ ស្ពាយទុក្ខសោក ពីមួយថ្ងៃទៅមួយថ្ងៃសន្សំតែរឿងទុក្ខសោកមិនព្រមព្រលែងវាឱ្យអស់ នៅស្ពាយជាប់រឿងរ៉ាវខកចិត្ត សោកសៅ រឿងរ៉ាវអតីតកាល ញាំញីដោយវិបត្តិ។ ជីវិតរបស់យើងម្នាក់ៗខ្លីណាស់ ដូច្នេះត្រូវចេះរស់ឱ្យមានប្រយោជន៍ និងសប្បាយចិត្ត (សប្បាយច្រើនកើនអាយុ) នូវអ្វីដែលយើងមាន កុំបៀតបៀនអ្នកដទៃ ហើយរស់នៅតាមរបៀបជាខ្លួនឯង”។
គួរបញ្ជាក់ថា លោកឧកញ៉ា ហេង បូរិន ក្រៅពីមុខជំនួញលើវិស័យអចលនទ្រព្យ បុរី ហេង បូរិន គ្រុប លោកក៏ជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធិភាព ភីអិលស៊ី។ បន្ទាប់ពីមុខជំនួញជោគជ័យ លោកឧកញ៉ា ក៏តែងតែជួយបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយដល់សង្គមនិងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋាន និងនៅស្រុកកំណើតរបស់លោកផងដែរ។ ជាក់ស្តែងថ្មីៗ លោកឧកញ៉ា ហេង បូរិន បានចំណាយថវិកា ៦០០០ដុល្លារ ជួយសាងសង់ខ្លោងទ្វារ សាលាបឋមសិក្សា ភ្នំធំថ្មី ស្ថិតនៅក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ខណៈដែលលោកទើបបានទៅសម្ពោធខ្លោងទ្វារសាលានេះ ជូនគណៈគ្រប់គ្រងសាលា និងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២៕