ផ្សារទំនើបម៉ាក្រូជ្រោយចង្វារ សាខាទី៣ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន Y.L.P Group នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានឧត្តមសេនីយ៍ឯកផ្កាយ ៣ ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តី អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្រសួងការពារជាតិ។
ផ្សារទំនើប Makro ជាមជ្ឈមណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ មានទីតាំងវិនិយោគស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 6A ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលវិនិយោគដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១២លាន ៧សែនដុល្លារអាមេរិក។
ការបង្កើតផ្សារម៉ាក្រូនៅសង្កាត់បាក់ខែង ជាផ្សារទី៣ របស់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED បន្ទាប់ពីបើកសម្ពោធសាខាដំបូងនៅខណ្ឌសែនសុខ និងសាខាទីពីរនៅខេត្តសៀមរាប ហើយដែលសាខាថ្មីនេះនឹងបង្កើតការងារបាន ១៦១ កន្លែង។
គួររម្លឹកបន្តិចដែរថា នៅឆ្នាំ២០១៧ អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូរកស៊ីជាមួយមហាដ្ឋីលំដាប់កំពូលប្រចាំប្រទេសថៃ ក្នុងទំហំទឹកប្រាក់ ២លានដុល្លាររវាងក្រុមហ៊ុនថៃ Siam Makro និងក្រុមហ៊ុនកម្ពុជា LYP Group Company Limited ដោយវិនិយោគលើផ្សារដ៏ធំបំផុតមួយ ម៉ាក្រូ លក់ដុំ ដែលមាន២ជាន់ ទំហំ ១០ពាន់ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ ៥ហិកតានៅបឹងពោងពាយ ខណ្ឌសែនសុខ ភាគពាយព្យរាជធានីភ្នំពេញ៕