អ្នកឧកញ៉ា គួច ម៉េងលី៖ លើលោកនេះ នរណាក៏ចង់មានដែរ តែកុំតក់ក្រហល់ចង់រកស៊ីខ្លាំងពេក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល និងជា​អ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានផ្តល់ជាអនុសាសន៍ថា លើលោកនេះ នរណាក៏ចង់មានចង់បានដែរ តែកុំតក់ក្រហល់​ចង់​រកស៊ីខ្លាំងពេក ​​ពោល​គឺ​ត្រូវ​រៀន​​ឱ្យ​ចប់​ ចេញ​ធ្វើការ​ឱ្យ​​ឆ្អិន និង​​មាន​បទពិសោធន៍​ឱ្យ​បាន​​ច្រើន​ជោគជាំ​សិន ​​​​នោះ​​​អាច​ចេញ​​ទៅ​រក​ស៊ី​​តែ​ពីរ​ទៅ​បី​ឆ្នាំ ​​នឹង​​ក្លាយ​ជា​អ្នក​មាន​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ម្ចាស់​សាលារៀន អន្តរទ្វីបអាមេរិកកាំង (AIS) និង​មជ្ឈមណ្ឌលភាសា អេអាយអាយ (Aii) ​​បាន​លើក​ឡើង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិល​មិញ​ យ៉ាង​ដូច្នេះ​ថា​៖ “ម្ង៉ៃៗ ខ្ញុំចេះតែឆ្ងល់! ខ្ញុំឆ្ងល់ត្រង់​ថា ក្មួយៗមួយចំនួនរៀនមិនទាន់ចប់ផង ជំនាញក៏គ្មាន បទពិសោធក៏មិនទាន់គ្រប់គ្រាន់ ហើយនាំគ្នាឈូឆរ​ទៅ​រកស៊ី។ លើលោកនេះ នរណាក៏ចង់មានចង់បានដែរ ប៉ុន្តែ នេះគេហៅថា ផ្លូវកាត់។ ពេលណាក្មួយៗធ្វើផ្លូវកាត់ សូម្បីតែជោគជ័យ ក៏ជោគជ័យបណ្តោះអាសន្នដែរ។ អ៊ីចឹង ធ្វើស្អីក៏ដោយ ក្មួយៗរៀនឱ្យច្បាស់ ហើយធ្វើឱ្យច្បាស់ ដើម្បីមានគំនិតចាស់ទុំ ចេះគិតពិចារណាវែងឆ្ងាយ ចាំក្មួយៗចាប់ផ្តើមបោះទុនរកស៊ី ប៉ុន្តែឥឡូវនេះ ម្នាក់ៗហាក់​ដូចជា​តក់ក្រហល់ ឃ្លានចង់រកស៊ី ចង់ធ្វើធំ ចង់មានចង់បានភ្លាមៗពេក”។

អ្នក​ឧកញ៉ា បាន​បន្ថែម​ថា នរណាក៏គេចង់មានដែរ ប៉ុន្តែយើងត្រូវឱ្យឱកាសខ្លួនឯង ឱ្យពេលវេលាខ្លួនឯង ហើយ​បន្ទុំ​ខ្លួនឯងឱ្យទុំសិន។ ទុំគឺមានន័យថា រៀនឱ្យចប់ ធ្វើការឱ្យឆ្អិន ដើម្បីយកបទពិសោធឱ្យបានច្រើនក្នុងជីវិត។ បើយើងមិនប៉ះអ្វីមួយរលាក មិនជាន់អ្វីមួយមុត នោះយើងមិនរឹងមាំទេ។

លោក​បាន​​សង្កត់​ធ្ងន់​ថា៖ “ដូច្នេះហើយ ក្មួយៗកុំតក់ក្រហល់ កុំដើរផ្លូវកាត់ឱ្យសោះ គ្រោះថ្នាក់ខ្លាំងណាស់។ បើ​ក្មួយៗរៀនចេះ ធ្វើការឆ្អិន មានបទពិសោធជោកជាំ ពេលក្មួយទៅរកស៊ី តែពីរទៅបីឆ្នាំ ខ្ញុំធានាថាក្មួយនឹងក្លាយជា​អ្នកមានហើយ”៕