បច្ចុប្បន្នវិស័យកសិកម្មកម្ពុជា កំពុងមានសក្តានុពល កាលានុវត្តភាព និងឧត្តមភាពសម្រាប់ទីផ្សារផលិតផលកសិកម្ម និងវត្ថុធាតុដើមនៅក្នុងតំបន់ និងនៅលើសកលលោក ដោយប្រទេសកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញខ្លាំងមួយរបស់ពិភពលោកផងដែរ។ ត្បិតថា វិស័យកសិកម្ម ត្រូវបានចាត់ទុកជា វិស័យស្នូលរបស់ជាតិ និងមានប្រជាជនកម្ពុជាភាគច្រើន កំពុងប្រកបរបរនេះ ក៏ការវិនិយោគពីអ្នកវិនិយោគិនបរទេសនៅតែមានកម្រិតនៅឡើង។
ហេតុដូច្នេះ ដើម្បីបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម រក្សានិរន្តរភាព និងជំរុញកំនើនវិស័យកសិកម្មក្នុងស្រុកថែមទៀត លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចែករំលែកយុទ្ធសាស្រ្ត៣ចំនុច រួមមាន៖
១. ជំរុញ និងបង្កើនការនាំចេញលើផលិតផលកសិកម្ម អោយអស់លទ្ធភាព
២. បែបបទនៃការនាំចេញ នាំចូលនៅច្រកចេញចូលតែមួយ(ផ្តោតលើការបែងចែកក្នុងការគ្រប់គ្រងការផលិត និងការនាំចេញរវាងស្ថាប័នពាក់ព័ន្ធអោយបានច្បាស់លាស់) និងទី៣. ស្នើសុំលើកលែងពន្ធអាករនានា និងថ្ងៃសេវាផ្សេងៗ រួមមាន៖ – ពន្ធកាត់ទុកផ្សេងៗ និងពន្ធអាករបន្ថែម១០% – ថ្លៃសេវាលើឯកសារសាធារណៈ និងការផ្តល់សេវាសាធារណៈត្រូវតែផ្តល់នៅច្រកចេញចូលតែ១ នៅតាម ឃុំ សង្កាត់និងតាមរយៈអនឡាញ ជាដើម។
យ៉ាងណាមិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ អះអាងថា នេះគឺជាមតិខ្លះក្នុងការលើកស្ទួយ ដើម្បីទាក់ទាញវិនិយោគិន និងជំរុញវិស័យកសិកម្មតែប៉ុណ្ណោះ ក្នុងករណីបើមានការខុសឆ្គង លោកឧកញ៉ា លឹម ហេង ក៏សូមការយោគយល់អធ្យាស្រ័យផងដែរ៕ អត្ថបទ៖ រង្សី