គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដ៏ធំស្កឹមស្កៃទំនើបដំបូងគេនៅកម្ពុជា តម្លៃជាង២០០លានដុល្លារ របស់អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន World Bridge Group កំពុងសម្រុកសាងសង់ទាំងយប់ទាំងថ្ងៃ និងជារួមសម្រេចបាន ៨០%ហើយ ដើម្បីត្រៀមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣ ខាងមុខ។

បើតាមការគូសបញ្ជាក់របស់ក្រុមហ៊ុន WorldBridge Sport Village ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន World Bridge Group បានឱ្យដឹងថា គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ដែលមានតម្លៃជាង២០០លានដុល្លារ សាងសង់លើផ្ទៃដី ៦ហិកតា នៅក្បែរនឹងពហុកីឡដ្ឋានមរតកតេជោ មកទល់បច្ចុប្បន្ននេះ ជារួមសម្រេចបានប្រមាណ ៨០%ហើយ ហើយគម្រោងនឹងបញ្ចប់ដំណាក់កាលសាងសង់នៃគម្រោងទាំងមូល ក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា ទោះបីជាមានបញ្ហាកូវីដ-១៩ ប៉ុន្តែគម្រោងនៅតែបន្តសាងសង់ទាំងយប់ទាំងថ្ងៃ និងជារួមសម្រេចបាន៨០%។ ក្រុមហ៊ុនខិតខំជំរុញការសាងសង់ដ៏សស្រាក់សស្រាំនេះ គឺដើម្បីបញ្ចប់គម្រោង និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ត្រៀមទទួលថ្នាក់ដឹកនាំ ប្រតិភូកីឡា និងអត្តពលិក មកពីប្រទេសក្នុងតបន់ និងលើពិភពលោក ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Sport Village រំពឹងថា គម្រោងនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏មានសក្តានុពលមួយរបស់កម្ពុជានាពេលអនាគត ព្រោះតំបន់នេះបណ្តុំទៅដោយអគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ត្រីរពេទ្យ ក្លឹបហាត់ប្រាណ និងកន្លែងកម្សាន្តជាដើម។ ជាពិសេសគម្រោង មានហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានតភ្ជាប់ខ្វាត់ខ្វែង ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការធ្វើពាណិជ្ជកម្មរបស់ក្រុមហ៊ុន សហគ្រាស និងធុរជន។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង ៦ហិកតា ជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ។ ដោយស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើប ដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះ សម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត៕