នៅក្នុងពេលកម្ពុជាកំពុងជួបប្រទះនឹងជំងឺរីករាលដាលកូវីដ១៩ ដែលរាជរដ្ឋាភិបាលកំពុងតែចាត់វិធានការដើម្បីទប់ទល់ជំងឺដ៏កាចសាហាវមួយនេះ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវរាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជប្រទានដោយព្រះរាជទ្រព្យផ្ទាល់ជាថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់រាជរដ្ឋាភិបាលក្នុងការបំពេញកាតព្វកិច្ចខាងលើ។
ក្រៅពីព្រះរាជគំរូដ៏ឧត្តុង្តឧត្តមរបស់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវរាជមាតាជាតិខ្មែរនេះ នៅមានសប្បុរសជនជាច្រើនផ្សេងទៀតក៏បានចូលរួមឧបត្ថមផ្តល់ជំនួយជាថវិកាផងដែរ។ ក្នុងនោះមានឧកញ៉ាជាសេដ្ឋីប្រាក់វាល់លានដែលជាម្ចាស់ក្រុមហ៊ុន និងមុខជំនួញធំៗនៅកម្ពុជាជាច្រើនរូបចូលរួមឧបត្ថមថវិកាសម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ក្នុងនោះរួមមាន៖
១. អ្នកឧកញ៉ា ហុង ពីវ ឧបត្ថម្ភទឹកប្រាក់ចំនួន ២លានដុល្លារសហរដ្ឋអាមេរិក
២. អ្នកឧកញ៉ា គិត ម៉េង ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៣. លោកឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៤. ឧកញ៉ា ភាព ហៀក ឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៥. លោកឧកញ៉ា លី ហួរ ឧបត្ថម្ភទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៦. លោកឧកញ៉ា ថៃ ជាហួត ឧបត្ថម្ភទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក
៧. លោកឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភទឹកប្រាក់ចំនួន ២០០ លានរៀល
៦. លោក ឧកញ៉ា ហ៊ួត ជា ឧបត្ថម្ភទឹកប្រាក់ចំនួន ៥ លានរៀល ចូលតាមរយៈសមាគមសិល្បៈខ្មែរ។
ក្រៅពីសេដ្ឋីប្រាក់វាល់លានខាងលើក៏នៅមានថា្នក់ដឹកនាំស្ថាប័នរដ្ឋជាច្រើននាក់ទៀតចូលរួមឧបត្ថម្ភក្នុងសកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នេះផងដែរ។
រាជរដ្ឋាភិបាលបានកំណត់ទីតាំងចំនួន ២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួសសប្បុរស៖ កន្លែងទី១៖ នៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានទីតាំងនៅក្រសួងសុខាភិបាល និងកន្លែងទី២៖ នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀតជាអ្នករងចាំទទួល៕
អត្ថបទ៖
លន ហ្សាឌីណា
ប្រភព៖
Sabay