អ្នកឧកញ៉ា និងឧកញ៉ា ចំនួន១២រូប នឹងអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងសម្ពោធអគារមន្ទីរពិសោធន៍ជាតិសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពជិតស្និតដែលឧកញ៉ា ញូស៍ ទទួលបាន ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងសម្ពោធអគារមន្ទីរពិសោធន៍ជាតិសំណង់ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមានការអញ្ជើញចូលរួមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រួមទាំងវត្តមានប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឧបនាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំកងកម្លាំងគ្រប់ប្រភេទ និងអភិបាលរាជធានីខេត្តទាំង២៥ ផងដែរ។

យ៉ាងណាមិញ សម្រាប់វិស័យឯកជនវិញ ក៏នឹងមានការចូលរួមពីសំណាក់អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបផងដែរ ដែលកំពុងកាន់កាប់មុខជំនួញធំៗ ក្នុងនោះមានដូចជា៖
១. អ្នកឧកញ៉ា គិត ម៉េង ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា
២. អ្នកឧកញ៉ា ពុង ឃាវសែ ៖ ប្រធានសមាគមអ្នកសាងសង់កម្ពុជា
៣. អ្នកឧកញ៉ា លី ហួរ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា
៤. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ ប្រធានក្រុមហ៊ុន LYP Group
៥. អ្នកឧកញ៉ា ម៉ុង ឬទ្ធី ៖ អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប
៦. អ្នកឧកញ៉ា លាង ឃុន ៖ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប
៧. លោកឧកញ៉ា ថៃ ជាហួត ៖ អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត
៨. អ្នកឧកញ៉ា លាង ម៉េង ៖ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប
៩. លោកឧកញ៉ា ខូវ គីមបាក់ ៖ ប្រធានរោងចក្រម្សៅមីអាស៊ី
១០. អ្នកឧកញ៉ា សៀ ឬទ្ធី ៖ ប្រធានក្រុមហ៊ុន វើលប៊្រីដលែន
១១. លោកឧកញ៉ា ប៊ុន ជេស្ឋ ៖ សហស្ថាបនិកក្រុមហ៊ុន B&BM Development Co.,Ltd
១២. ឧកញ៉ា ផាត់ ប៊ុន ៖ សហស្ថាបនិកក្រុមហ៊ុន B&BM Development Co.,Ltd ។

សូមជម្រាបថា ពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់ក្រសួងដែនដី គឺធ្វើឡើងដើម្បីវាយតម្លៃអំពីសមិទ្ធផលនានាដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២កន្លងទៅនេះ បញ្ហាប្រឈមដែលនៅសេសសល់ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣។ បន្ថែមពីនេះ ក្រសួងក៏បានបញ្ចូលកម្មវិធីសម្ពោធអគារមន្ទីរពិសោធន៍ជាតិសំណង់ ផងដែរ។ អគារមន្ទីរពិសោធន៍ជាតិសំណង់ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។ អគារនេះ ស្ថិតនៅបរិវេណទីស្ដីការក្រសួងដែនដីថ្មី នៅផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អគារមន្ទីរពិសោធន៍ជាតិសំណង់ ត្រូវបានសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងបែកចែកជា ៣ ផ្នែកផ្សេងៗគ្នា។ អគារនេះ នឹងប្រើជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម៕