អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច និងជាម្ចាស់សណ្ឋាគារ សុខា គ្រោងនឹងចំណាយថវិកាប្រមាណពី ៣០លានដុល្លារ ទៅ ៤០លានដុល្លារអាមេរិក ដើម្បីសាងសង់រូបសំណាកព្រះពុទ្ធបដិមា មានកំពស់រហូតដល់ ១០៨ម៉ែត្រ ដែលនឹងក្លាយជាព្រះពុទ្ធបដិមា ទ្រង់ព្រះភ្នែនខ្ពស់ជាងគេនៅលើពិភពលោក នៅលើភ្នំបូកគោ។
អ្នកឧកញ៉ា ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោថ្មីរូបនេះ បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានគំរោងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ខណៈរចនាបទបដិមានេះ នឹងត្រូវបានឌីសាញឡើងវិញ ស្របតាមរចនាបទបដិមាខ្មែរ។
អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ ដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹងជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ មកកាន់តំបន់នេះ។
ចំពោះពេលវេលាសាងសង់វិញ អ្នកឧកញ៉ា សុខ គង់ បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងសាងសង់ឱ្យបានឆាប់ៗបំផុត ខណៈដែលពេលនេះក្រុមហ៊ុនកំពុងសហការបន្ថែម ជាមួយក្រុមការងារអន្តរក្រសួង ដែលមានក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពត និងក្រុមការពារពាក់ព័ន្ធផ្សេងទៀត ដើម្បីធ្វើយ៉ាងណា ឱ្យគម្រោងមួយនេះ ដំណើរទៅដោយរលូន និងរៀបចំប្លង់ស្ថាបត្យកម្មឱ្យបានត្រឹមត្រូវ ទៅតាមរចនាបថរបស់ខ្មែរយើង។
គួរបញ្ជាក់ថា ភ្នំបូកគោ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិអភិវឌ្ឍន៍រយៈពេលវែង ៩៩ឆ្នាំ ដល់ក្រុមហ៊ុន សុខា អូតែល របស់អ្នកឧកញ៉ា សុខ គង់ លើផ្ទៃដីជិត ២៤០០ ហិកតា ចាប់តាំងពីឆ្នាំ២០១០។ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកឧកញ៉ា សុខ គង់ បានបង្ហើបប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ថាបើគិតពីការអភិវឌ្ឍតាំងពីដើមដំបូង រាប់ទាំងសណ្ឋាគារ កាស៊ីណូ ផ្លូវឡើងភ្នំ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក្រុមហ៊ុនរបស់លោក បានវិនិយោគអស់ទឹកប្រាក់ចន្លោះពី ៤០០ ទៅ ៥០០ លានដុល្លារហើយ មកដល់បច្ចុប្បន្ននេះ៕