កាលពីថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានសហការជាមួយទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី (TIKA) ផ្តល់ជំនួយជាម៉ាស៊ីនស្ទូងស្រូវចំនួន ២០គ្រឿង និងឧបករណ៍សម្រាប់បណ្តុះគ្រាប់ពូជ ដល់សហគមន៍ចំនួន៥ ដែលមានទីតាំងនៅខេត្តកំពង់ចាម កំពង់ធំ ព្រៃវែង និងខេត្តតាកែវ ក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ។
កម្មវិធីផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈការចុះអនុស្សរណៈយោគយល់ រវាងទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅអគ្គលេខាធិកាដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។ លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក Burak SARITARLA ប្រធានគម្រោងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមទាំងប្រទេសកម្ពុជា របស់ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការប្រទេសទួរគី បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ក្រោមអធិបតីភាពលោកជំទាវ Ulku KOCAEFE ឯកអគ្គរដ្ឋទូតប្រទេសទួរគីប្រចាំប្រទេសកម្ពុជា។
ទីភ្នាក់ងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសទួរគី បាននឹងកំពុងអនុវត្តន៍គម្រោងមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងវិស័យអប់រំ គេហកិច្ច និងការបណ្តុះបណ្តាលកសាងសមត្ថភាព ហើយនេះ គឺជាគម្រោងទី១ របស់ TIKA នៅក្នុងប្រទេសកម្ពុជា លើវិស័យកសិកម្ម ហើយទីភ្នាក់ងារបានពិចារណានឹងបន្តជួយដល់សហគមន៍កសិកម្មបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈម៉ាស៊ីនស្ទូងស្រូវនេះ នឹងជួយដល់សហគមន៍កសិកម្មឱ្យមានភាពប្រសើរឡើងនូវបច្ចេកទេស និងសមត្ថភាពក្នុងផលិតកម្មពូជស្រូវបន្ថែមទៀត។
សូមជម្រាបថា នៅក្នុងកម្មវិធីចុះហត្ថលេខានេះដែរ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានធ្វើការពិភាក្សាលើការងារពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទួរគី ដែលបង្ហាញអំពីការរីកចម្រើនយ៉ាងលឿន និងបានបង្ហាញលទ្ធផលថាការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសទួរគីបានកើនដល់ ៣,០០០តោន ក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២២។ ភាគីទាំងពីរបានឯកភាពធ្វើកិច្ចសហប្រតិបត្តការជាមួយគ្នាបន្តទៀត លើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងផលិតកម្មស្រូវ៕