លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិក ដល់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីជួយពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកព្រៃនប់។

លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលខេត្តព្រះសីហនុ បានចេញប័ណ្ណថ្លែងអំណរគុណមួយ ជូនលោកឧកញ៉ា ទៀ វិចិត្រ នៅល្ងាចថ្ងៃចន្ទនេះ ដោយភ្ជាប់ជាមួយនឹងសារលើបណ្តាញសង្គមរបស់លោកយ៉ាងដូច្នេះថា៖ “សូមអរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានចូលរួមថវិកាចំនួន ១០ ០០០ដុល្លារ សម្រាប់ចែកជូនគ្រួសារជនរងគ្រោះ។ ជួយគ្នាក្នុងគ្រាអាសន្ន”។
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នឹងប្រើប្រាស់ អំណោយមនុស្សធម៌នេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។


សូមជម្រាបថា បើតាមការបញ្ជាក់ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខ្នងផ្ទះដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃអាទិត្យម្សិលមិញ បានកើនដល់ ២០៤៩ ខ្នងផ្ទះហើយ ក្នុងនោះផ្ទះដែលរលំទាំងស្រុង កើនដល់ ២៩ខ្នង៕