លោកឧកញ៉ា ភូ ចាន់ដារិទ្ធ បច្ចុប្បន្នកំពុងកាន់កាប់ក្រុមហ៊ុនចំនួនពីរ ដោយលោកជា អគ្គនាយកក្រុមហ៊ុន PCDR Co., Ltd និងជា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ SR Real Estate។ ក្រៅពីម្ចាស់ក្រុមហ៊ុន លោកឧកញ៉ាវ័យក្មេងរូបនេះ ក៏បានឆ្លៀតពេលធ្វើការងារសង្គមមួយចំនួន ហើយលោកក៏មានតួនាទីផ្សេងៗខ្លះទៀតផងដែរ។

ក្រុមហ៊ុន PCDR Co., Ltd របស់ឧកញ៉ា ភូ ចាន់ដារិទ្ធ ជាក្រុមហ៊ុនលក់ផលិតផលឱសថ ហេនខ្យួរ (HENP Cure) ឯកទេសដោះស្រាយបញ្ហាសន្លាក់ សរសៃ ឆ្អឹង និងសាច់ដុំ។ រីឯក្រុមហ៊ុនអចលនទ្រព្យ SR Real Estate របស់លោកឧកញ៉ា ជាក្រុមហ៊ុនមានគម្រោងផ្ទះល្វែង ផ្ទះវីឡាកូនកាត់បែបទំនើបៗ ដែលមានទីតាំងស្ថិតនៅភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ឧកញ៉ា ភូ ចាន់ដារិទ្ធ ក៏ជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា ខណៈដែលលោកក៏បានអញ្ជើញចូលរួមអមដំណើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ ខួបលើកទី៤៥ អាស៊ាន-អឺរ៉ុប កាលពីសប្តាហ៍មុនផងដែរ។ បន្ថែមពីនេះ លោកឧកញ៉ា ភូ ចាន់ដារិទ្ធ ក៏មានតួនាទីជាប្រធានប្រឹក្សាយោបល់សមាគមរាជសីហ៍ សាខាខេត្តកំពង់ស្ពឺ។


សូមជម្រាបជូនថា ដោយមានក្តីស្រមៃខ្លួនឯងតាំងពីក្មេង “ចង់ក្លាយជាអ្នកជំនួញ ចង់ក្លាយជាអ្នកមានម្នាក់” និងតាមរយៈការខិតខំប្រឹងប្រែងប្រកបមុខជំនួញជាច្រើនឆ្នាំ ព្រមទាំងការចូលរួមកិច្ចការងារជួយសង្គមជាច្រើនផងនោះ លោក ភូ ចាន់ដារិទ្ធ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់រូបលោក កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

លោកឧកញ៉ាវ័យក្មេង ភូ ចាន់ដារិទ្ធ ធ្លាប់មានប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅមួយថា៖ “បើយើងកើតមកក្រ សូមកុំបន្តវេនភាពក្រទៅជំនាន់ក្រោយទៀត ត្រូវតែស៊ូៗ ដើម្បីលុបបំបាត់ភាពក្រទាំងអស់គ្នា និងដើម្បីជួយគ្រួសារ សាច់ញាតិបងប្អូន ជួយអ្នកក្បែរខ្លួន និងជួយសង្គមជាតិ ឱ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន”៕

