ឧកញ៉ា ហោ សំណាង ត្រូវបានជ្រើសតាំងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SSEAYP International Cambodia) ក្នុងអាណត្តិទី៩ ក្នុងមហាសន្និបាតសាមញ្ញលើកទី៩ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បន្ដវេនពី លោក ស៊្រាង គឹមលី ដែលបានដឹកនាំសមាគមនេះតាំងពីឆ្នាំ២០១៧មក ។
កាលពីឆ្នាំ២០០៥ ឧកញ៉ា ហោ សំណាង ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ជ្រើសតាំងជាប្រធានប្រតិភូដឹកនាំយុវជនឆ្នើម២៨រូប តំណាងកម្ពុជា ចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន។ បន្ទាប់ពីការបន្តចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំជាយុទ្ធសាស្រ្ត ជាពិសេសក្នុងរយៈពេល៦ឆ្នាំចុងក្រោយនោះ ឧកញ៉ា ហោ សំណាង ក៏បានទទួលនូវការគាំទ្រតាមរយៈការបោះឆ្នោតផ្តល់ទំនុកចិត្ត ជាប់ជាប្រធាននៃសមាគមនេះ ។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន ជាកម្មវិធីផ្លាស់ប្តូរយុវជនអន្តរជាតិដ៏ចម្បងមួយក្នុងតំបន់អាស៊ី ដែលមានការចូលរួមពីបណ្តាប្រទេសទាំង១០ក្នុងអាស៊ាននិងប្រទេសជប៉ុន សរុប៣៣០រូប ជារៀងរាល់ឆ្នាំ ។ កម្មវិធីនេះ តែងទទួលការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំគ្រប់វិស័យ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងអនុញ្ញាតឲ្យប្រតិភូយុវជនជាតិនិងអន្តរជាតិ ចូលជួបសម្តែងការគួរសម ជារៀងរាល់ឆ្នាំមិនដែលខាន ពេលមានដំណើរការកម្មវិធី ហើយបានអនុញ្ញាតឲ្យប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះចំនួន២លើក កាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៧ ។
កម្មវិធីនេះមានគោលបំណងដើម្បីបង្កើនភាពជាអ្នកដឹកនាំយុវជន រឹតបន្តឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ និងប្រមូលផ្តុំធនធានដើម្បីផ្តួចផ្តើមសកម្មភាពការងារទ្រទ្រង់សង្គម ។ មកទល់បច្ចុប្បន្ន សមាគមនាវាយុវជនអាស៊ីអាគេ្នយ៍កម្ពុជា មានសមាជិក-សមាជិកា សរុប៥៩៤រូប ដែលជាអ្នកដឹកនាំ អ្នកប្រតិបត្តិ និងសហគ្រិន ជាច្រើនសន្ធឹកសន្ធាប់ ទាំងក្នុងរាជរដ្ឋាភិបាលនិងវិស័យឯកជន ។
ក្រៅពីកិច្ចការក្នុងសមាគមនេះ បច្ចុប្បន្ន ឧកញ៉ា ហោ សំណាង ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកមន្ទីរពេទ្យកម្ពុជា ដែលជាស្ថាប័នគាំពាសុខភាពឯកជនមានរយៈពេល៨ឆ្នាំមួយដ៏ជោគជ័យ ។ តាំងពីចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៤ មន្ទីរពេទ្យ កម្ពុជា ទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាលក្ខណៈជាតិនិងអន្តរជាតិ ក្នុងសេវាសុខាភិបាលមានគុណភាព និងប្រតិបត្តិការអាជីវកម្មល្អប្រសើរ រួមបញ្ចូលទាំងការទទួលស្គាល់គុណភាពតាមបទដ្ឋាន ISO 9001:2015 ៕