ក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ កំពុងធ្វើការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃសមរម្យ និងភាពច្នៃប្រឌិតមួយនៅក្នុងទីផ្សារប្រទេសកម្ពុជា រាប់ពាន់ខ្នងផ្ទះជាច្រើនទីតាំង ស្ថិតនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បុរីនេះ វិនិយោគដោយលោកស្រី សែម សម្ភស្ស ត្រូវបានគេចាត់ទុកថា ជាសហគ្រិនស្រ្តីដ៏មានសក្ដានុពលមួយរូបក្នុងវិស័យអចលនទ្រព្យ និងសំណង់។ លោកស្រីជាអគ្គនាយិកាក្រុមហ៊ុន បុរី សម្បត្តិមានហេង ៣ និងជាសមាជិកានៃសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលមានអ្នកឧកញ៉ា លី ហួរ ជាប្រធាន។
ក្រៅពីគ្រប់គ្រងក្រុមហ៊ុនបុរីហើយនោះ លោកស្រី សែម សម្ភស្ស ក៏ជាម្ចាស់ក្រុមហ៊ុន BIG KOREAN GROUP CO.,LT ។

ស្វាមីរបស់លោកស្រី គឺអតីតឧកញ៉ា លោក ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ លោកត្រូវបានព្រះមហាក្សត្រកម្ពុជា តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញព្រះរាជក្រឹត្យបញ្ចប់ងារឧកញ៉ា លើមេប៉ូលិសចំនួន ៣៦នាក់ ធ្វើឡើងកាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៩។ លោកធ្លាប់អតីតមន្ត្រីយោធាក្រសួងការពារជាតិផងដែរ។

ការបញ្ចប់គោរមងារឧកញ៉ា ក្នុងជួរកងកម្លាំងប៉ូលិសនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត ដូចករណីបញ្ចប់ងារឧកញ៉ា នៅជួរកងកម្លាំងយោធាដែរ ដោយប្រមុខរាជរដ្ឋាភិបាល ចេញបទបញ្ជាឱ្យជ្រើសយកតួនាទីបានតែ១ គឺធ្វើជាឧកញ៉ា ឬធ្វើជាកងកម្លាំង។ កាលពីខែកញ្ញា ឆ្នាំ២០១៩ ប្រធានព្រឹទ្ធសភា ក្នុងនាមជាប្រមុខរដ្ឋស្ដីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារឧកញ៉ា លើមេយោធា ចំនួន ៧៥នាក់៕