លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ សហគ្រិនវ័យក្មេងនៅកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន CSS Group បានបង្ហើបប្រាប់អំពីអាជីវកម្មចំនួន ៦ប្រភេទ ដែលអាចផ្តល់ឱកាសឱ្យយើងក្លាយជាអ្នកមានបាន នៅពេលបច្ចុប្បន្ននេះ។
លោកឧកញ៉ាបណ្ឌិត បានថ្លែងក្នុងវីដេអូចែករំលែកមួយ ថាអាជីវកម្មទាំង៦នេះ គឺលោកបានថ្លឹងថ្លែង និងវាយតម្លៃ ហើយលោកសុទ្ធតែបានឆ្លងកាត់បទពិសោធន៍អាជីវកម្មទាំង៦នេះរួចរាល់ហើយ ព្រមទាំងបានសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅផងដែរ ទើបអាចហ៊ានយកចំណុចទាំងនេះ មកចែករំលែកជាគន្លឹះជូនដល់សាធារណៈជនបាន។ លោកឧកញ៉ា បានបន្តថា អាជីវកម្មទាំង៦ ដែលអាចក្លាយជាអ្នកមានគឺ៖
១. អចលនទ្រព្យ / Real Estate ៖ វិស័យអចលនទ្រព្យ នៅទូទាំងពិភពលោក ភាគច្រើនអ្នកវិនិយោគលើអចលនទ្រព្យគឺមិនដែលខាតនោះទេ គ្រាន់អាចមានចំណេញតិច ឬចំណេញច្រើន។
២. សម្ផស្ស / Beauty ៖ នារី១០០នាក់ ទោះមិនចូលចិត្តសម្ផស្សកម្រិតណា ក៏ត្រូវការផាត់មុខមួយដងដែរ ក្នុងជីវិតរបស់គាត់។ អ្នកណាក៏ដោយ នៅពេលមានជីវភាពសមរម្យហើយ គឺចាប់ផ្តើមគិតពីសម្ផស្សនៃរាង្គកាយរបស់ខ្លួន។ មានពាក្យមួយថា “ការតែងខ្លួនរបស់យើង គឺជាអ្វីដែលយើងចង់បង្ហាញដល់គេ”។
៣. កន្លែងកម្សាន្ត / Resorts and Kid Entertainment ៖ លក្ខណៈដូចជា រីស៊ត កន្លែងលំហែកម្សាន្ត ឬកន្លែងក្មេងលេង។
៤. ដឹកជញ្ជូន / Transportation ៖ ប្រទេសកំពុងអភិវឌ្ឍន៍ និងកំពុងរីកចម្រើនអាជីវកម្ម គឺត្រូវការសេវាកម្មដឹកជញ្ជូនជាចាំបាច់បំផុត សម្រាប់ដឹកទំនិញចេញចូល។
៥. ម្ហូបអាហារនិងភេសជ្ជៈ / Foods and Drinks ៖ អ្នកណាក៏ត្រូវការញ៉ាំ ទឹក កាហ្វេ ឬម្ហូប ព្រោះមនុស្សយើងត្រូវការហូបចុកជារៀងរាល់ថ្ងៃ។
៦. បច្ចេកវិទ្យា / Technology ៖ វិស័យបច្ចេកវិទ្យានឹងផ្ទុះនៅរយៈពេល៣ឆ្នាំ ឬ៥ឆ្នាំខាងមុខទៀត ហើយកាន់តែពិសេសគឺអាជីវកម្មលើវិស័យបច្ចេកវិទ្យាពុំសូវមានអ្នកប្រកួតប្រជែងនោះទេ ព្រោះមានចំនួនតិចនៅឡើយ។
លោកឧកញ៉ាបណ្ឌិត បានបញ្ជាក់បន្ថែមថា ទោះយ៉ាងណាក្តី ដើម្បីបង្កើតអាជីវកម្មអ្វីមួយ ត្រូវតែមានការវាយតម្លៃឱ្យបានច្បាស់លាស់ជាមុន ដូចជា ត្រូវមើលពីគូប្រជែងរបស់យើង យើងត្រូវមើលពីគោលដៅបន្ទាប់របស់គេ ហើយអាជីវកម្មមួយៗ មិនងាយស្រួលដូចការគិតនោះទេ។
សូមជម្រាបជូនថា លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ជាសហគ្រិនជោគជ័យវ័យក្មេងមួយរូបនៅកម្ពុជា ដែលលោកមានអាជីវកម្មក្នុងដៃរហូតដល់ទៅ ១៥ កន្លែង។ អាជីវកម្មរបស់លោកឧកញ៉ា គឺលក្ខណៈពហុវិស័យទៅលើវិស័យជាច្រើនដូចជា វិស័យអចលនទ្រព្យ, ម្ហូបអាហារ, ប្រឹក្សាយោបល់, គ្រឿងអលង្ការ, គ្រឿងសង្ហារឹម, សម្រស់ និងអាជីវកម្មផ្សេងមួយចំនួនទៀត៕