សមាគមឧកញ៉ាកម្ពុជា បង្ហាញសម្រស់ និងអត្តសញ្ញាណ Logo ផ្លូវការរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

សមាគមឧកញ៉ាកម្ពុជា បានបង្ហាញអត្តសញ្ញាណ Logo ផ្លូវការរបស់ខ្លួន ដែលរំលេចឡើងបែបរចនាបថខ្មែរពណ៌មាស អមដោយក្បាច់បុរាណរាងទម្រង់ពងក្រពើ ព័ទ្ធស្រះ សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី គឺស្រះ «ឧ» ជាអក្សរកាត់នៃពាក្យថា «ឧកញ៉ា»។ ចំណែកផ្នែកខាងក្រោមសរសេរឈ្មោះថា «សមាគមឧកញ៉ាកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះដែរ សមាគមឧកញ៉ាកម្ពុជា ក៏បង្ហាញបណ្តាញទំនាក់ទំនងសាធារណៈលើហ្វេសប៊ុកផេកផ្លូវការផងដែរ មានឈ្មោះថា «សមាគមឧកញ៉ាកម្ពុជា» កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២នេះ។ យ៉ាងណា ចំពោះវេបសាយជាផ្លូវការនោះ សមាគមមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយ។

តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សមាគមឧកញ៉ាកម្ពុជា អក្សរជាភាសាអង់គ្លេសថា “Cambodian Oknha Association” សរសេរជាអក្សរកាត់ថា “C.O.A” និងសរសេរជាអក្សរកាត់ខ្មែរថា ស.ឧ.ក.។

សមាគមឧកញ៉ាកម្ពុជា មានគោលបំណងលើកកម្ពស់គុណតម្លៃ នៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ដើម្បីជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន។

លើសពីនេះ សមាគមឧកញ៉ាកម្ពុជា ក៏បានពន្យល់ពាក្យថា ឧកញ៉ា ក្នុងន័យដើមយ៉ាងដូច្នេះថា៖ «សំដៅដល់គោរមងារដែលត្រូវបានត្រាស់បង្គាប់ផ្តល់ដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជក្រឹត្យ។ ឧកញ៉ា រួមមាន ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា និងរាល់គោរមងារជាឧកញ៉ា ផ្សេងទៀតដែលកំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមាន»។

ជាមួយគ្នានេះ សមាជិកក៏ត្រូវចូលរួម «ភាគទាន» សំដៅដល់ប្រាក់សមាជិកភាពដែលសមាជិកម្នាក់ៗត្រូវបង់ជាប្រចាំខែ ឬប្រចាំឆ្នាំ ដែលកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងសមាគម។ «វិភាគទាន» សំដៅដល់មូលនិធិ ឬអំណោយដោយឥតកំណត់ចំនួន ឬចំណែកដែលសមាជិកសមាគម ម្នាក់ៗ ឬច្រើននាក់យកមកផ្តល់ជូនសមាគម តាមការស័្មគ្រចិត្ត ដើម្បីចូលរួមទ្រទ្រង់សកម្មភាព។ 

ចំណែក «បរិវិសទាន» សំដៅដល់ប្រាក់ដែលត្រូវបង់ពេលស្នើសុំចូលជាសមាជិកសមាគមលើកដំបូង ហើយការបង់នេះគឺបង់តែម្តងគត់។ ដោយឡែកសម្រាប់ «កូរ៉ុម» សំដៅដល់ចំនួនវត្តមាន នៃសមាជិកដែលមានសិទ្ធិសម្រេច ដើម្បីឱ្យការប្រជុំ ឬសន្និបាត របស់សមាគមមានសុពលភាព។

សូមជម្រាបជូនថា សមាគមឧកញ៉ាកម្ពុជា បច្ចុប្បន្នមានអគ្គនាយកក្រុមហ៊ុន LYP Group អ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធាន ហើយក៏ជាសហស្ថាបនិកផ្តួចផ្តើមបង្កើតសមាគមមួយនេះឡើងផងដែរ៕