លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY កាលពីថ្ងៃចន្ទ ទី១៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញធ្វើជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលមួយ លើប្រធានបទទាក់ទងនឹងតិចនិកនៃការលក់ និងការធ្វើទីផ្សារតាមបែបឌីជីថល (Sale Techniques & Social Media Marketing) ជូនដល់ភ្នាក់ងារអចលនទ្រព្យ និងសាធារណៈជនមួយចំនួនទៀត ដែលមានបំណងចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ។

វគ្គបណ្តុះបណ្តាលខាងលើនេះ ភាគច្រើនមានការចូលរួមពីភ្នាក់ងារអចលនទ្រព្យនៃក្រុមហ៊ុន KW ក្រុមហ៊ុន KW Sam Sn Keller Williams Realty, បុគ្គលិករបស់សាខាក្រុមហ៊ុន KW ផ្សេងៗក៏បានចូលរួម ព្រមទាំងសាធារណៈជនទូទៅ ដែលមានបំណង់ចង់ក្លាយខ្លួនជាភ្នាក់ងារអចលនទ្រព្យ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា សំ សុខនឿន បានពន្យល់ណែនាំទាក់ទងទៅនឹងការធ្វើទីផ្សារ ការបង្ហោះលក់អចលនទ្រព្យតាមប្រព័ន្ធឌីជីថល និងបណ្តាញសង្គមនានា។ ជាពិសេសលើការ Boost លើទំព័រហ្វេសប៊ុក ឱ្យត្រូវគោលដៅ ឬត្រូវអតិថិជនដែលយើងចង់បាន។ ឧទាហរណ៍ថា ដីយើងដាក់លក់នៅតំបន់ណា ហើយតើការចំណាយលើការ Boost ទំព័រហ្វេសប៊ុកនោះ ទៅលើតំបន់ណា អតិថិជនវ័យណា ហើយនរណាខ្លះបានឃើញ ដើម្បីអាចលក់បានជោគជ័យ។

ការចែករំលែករបស់លោកឧកញ៉ា សំ សុខនឿន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះការលើកឡើងពីការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល រួមបញ្ចូលជាមួយបទពិសោធន៍ផ្ទាល់របស់លោកឧកញ៉ាល្អៗទៀតនោះ គឺបានធ្វើឱ្យភ្នាក់ងារអចលនទ្រព្យចង់យល់ដឹងយ៉ាងខ្លាំង។ យ៉ាងណាមិញ ទាំងនេះគឺជាប្រព័ន្ធធ្វើទីផ្សារមួយដ៏ទាន់សម័យ ជាពិសេសលើការចំណាយ ធ្វើយ៉ាងណាកុំឱ្យអស់លុយច្រើន ប៉ុន្តែអាចចំអតិថិជនគោលដៅ។

សូមជម្រាបថា ឧកញ៉ា សំ សុខនឿន អតីតកូនអ្នកស្រុកក្រូចឆ្មារ ក្រៅពីជាអ្នកជំនួញក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា តែងតែចូលរួមសកម្មភាពចែករំលែកទស្សនៈល្អៗជាច្រើនក្នុងវគ្គបណ្តុះបណ្តាលនានា និងតែងតែចូលរួមសកម្មភាពសប្បុរសធម៌ជួយសង្គមជាហូរហែ។ ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោកឧកញ៉ា សំ សុខនឿន បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារ ដើម្បីគាំទ្រការបោះពុម្ភសៀវភៅ របស់រាជបណ្ឌិត្យសភាកម្ពុជា ផងដែរ៕