នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២នេះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច និងជាប្រធានក្រុមហ៊ុន សុខាអូតែល បានអញ្ជើញចុះត្រួតពិនិត្យទីតាំងសាងសង់ព្រះពុទ្ធបដិមា កម្ពស់ ១០៨ម៉ែត្រ នៅលើភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត និងបានប្រកាសថ្ងៃធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកឧកញ៉ា ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងបូកគោថ្មី បានបង្ហើបឱ្យដឹងកាលចុងសប្តាហ៍កន្លងទៅថា ក្រុមហ៊ុនរបស់លោក មានគំរោងសាងសង់ រូបសំណាកព្រះពុទ្ធបដិមាទ្រង់ព្រះភ្នែនដ៏ធំ នៅលើខ្នងភ្នំបូកគោ ក្នុងតំបន់វាលស្រែ៥០០ ខណៈរចនាបទបដិមានេះ នឹងត្រូវបានឌីសាញឡើងវិញ ស្របតាមរចនាបទបដិមាខ្មែរ។ អ្នកឧកញ៉ា បានបង្ហើបឱ្យដឹងទៀតថា ក្រុមហ៊ុន គ្រោងនឹងចំណាយថវិកាពី ៣០លានដុល្លារ ទៅ ៤០លានដុល្លារ ដើម្បីសាងសង់រូបសំណាកព្រះពុទ្ធបដិមាខ្ពស់ជាងគេបំផុតលើពិភពលោក។

គួរបញ្ជាក់ថា គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺដើម្បីជាទីសក្ការៈដ៏ថ្លៃថ្លាឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿង និងសុខសន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹងជួយរួមចំណែកទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ក្នុងមួយឆ្នាំៗ មកកាន់តំបន់ភ្នំបូកគោ៕




