រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសគាំទ្រស្លាកសញ្ញាសម្គាល់រូបសញ្ញាសមាគមឧកញ៉ាកម្ពុជា ដែលមានអត្ថន័យ និងភាពត្រឹមត្រូវទៅតាមរចនាបទខ្មែរ។ នេះលិខិតចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿន សកុណា ជម្រាបជូនអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា បានបង្ហាញអត្តសញ្ញាណ Logo ផ្លូវការរបស់ខ្លួន ដែលរំលេចឡើងបែបរចនាបទខ្មែរពណ៌មាស អមដោយក្បាច់បុរាណរាងទម្រង់ពងក្រពើ ព័ទ្ធស្រះ «ឧ» ជាអក្សរកាត់នៃពាក្យថា «ឧកញ៉ា»។ ចំណែកផ្នែកខាងក្រោមសរសេរឈ្មោះថា «សមាគមឧកញ៉ាកម្ពុជា»។

ក្នុងលិខិតមួយទំព័ររបស់លោកស្រី ភឿន សកុណា ជម្រាបជូនអ្នកឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្នុងនាមក្រសួងវប្បធម៌ សូមគាំទ្រទាំងរចនា ទាំងការប្រើប្រាស់ទម្រង់សិល្បៈខ្មែរបានល្អត្រឹមត្រូវ រួមទាំងភាពពាក់ព័ន្ធដល់គោរមងារឧកញ៉ានៅកម្ពុជា។
ការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើឡើងបន្ទាប់ពីអ្នកឧកញ៉ា លី យ៉ុងផាត់ ដាក់សំណើសុំមតិណែនាំលើរចនាបទខ្មែរ សម្រាប់ស្លាកសញ្ញាសម្គាល់រូបសញ្ញាសមាគមឧកញ៉ាកម្ពុជា ដែលបានធ្វើការសិក្សាស្រាវជ្រាវ កាលពីដើមខែធ្នូឆ្នាំ២០២២នេះ។
សូមជម្រាបផងដែរថា សមាគមឧកញ៉ាកម្ពុជា បង្កើតឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃគោរមងារឧកញ៉ា និងធានាបាននូវសេចក្តីថ្លៃថ្នូរ សីលធម៌ និងសាមគ្គីភាពរឹងមាំរបស់ឧកញ៉ា ជាមូលដ្ឋានក្នុងការរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយយុទ្ធសាស្ដ្រចតុកោណ ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសសកម្មភាពសង្គមកិច្ច មនុស្សធម៌ និងសប្បុរសធម៌ ដើម្បីធានាបាននូវភាពសុខសាន្ត សុខដុមនីយកម្ម និងការរីកចម្រើនរបស់ប្រជាជនកម្ពុជា ប្រកបដោយចីរភាព និងបរិយាបន្ន៕