ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានប្រកាសផ្តល់រង្វាន់ពិសេសមួយ គឺផ្ទះសាងសង់ហើយមួយល្វែង ជូនដល់បុគ្គលិករូបណា ដែលអាចនិយាយដើមរបស់លោក បានរយៈពេលជិតមួយម៉ោង ឬលើសពីមួយម៉ោង។
លោកឧកញ៉ាបណ្ឌិត បានលើកឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ ថាលោកនឹងរៀបចំឱ្យមានកម្មវិធីជប់លៀងប្រចាំឆ្នាំ សម្រាប់បុគ្គលិក និងក្រុមការងារមកពី បុរី វិមានសំណាង បុរី ខេអេស រ៉េស៊ីដេន សំណាងលេន ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ក្រុមបាល់ទាត់ Khmer United និងក្រុមហ៊ុន KW Cambodia មកពីទូទាំងប្រទេស ដែលនឹងធ្វើនៅ បុរី វិមានសំណាង នាថ្ងៃសៅរ៍ ទី០៧ ខែមករា ឆ្នាំ២០២៣។
លោកឧកញ៉ា គីម ហ៊ាង បានបញ្ជាក់បន្ថែមថា៖ “រង្វាន់នឹងមានជាធម្មតា ដូចឬប្រហែលឆ្នាំ២០២២ តែ គីម ហ៊ាង ចង់ថែមរង្វាន់ពិសេសមួយ ជាផ្ទះសង់ហើយមួយ ឱ្យនរណាដែលអាចនិយាយដើម គីម ហ៊ាង លើសពី 55:59”។
សូមជម្រាបជូនថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាម្ចាស់គម្រោងបុរីចំនួនពីរកន្លែង គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និងបុរី វិមានសំណាង (Borey Vimean Samnang)។ បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕