ឧកញ៉ា ទៀ វិចិត្រ៖ គ្រាន់តែដាច់លុយសោះ មានអារម្មណ៍ថា តឹងទ្រូងវិលមុខ

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat Cambodia និង​ជា​ប្រធាន​សមាគម​ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ​​​យល់​ថា​​​បច្ចុប្បន្ន​នេះ រូបលោក​ហាក់​ខ្សោយ​ជាង​មុន ​​គ្រាន់​តែ​ដាច់​លុយ​សោះ ក៏​មាន​អារម្មណ៍​ថា តឹង​ទ្រូង វិលមុខ ហើយ​បេះដូង​លោត​​ខុស​ប្រក្រតី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ដែល​ជា​ក្មួយ​បង្កើត​របស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារ​ជាតិ ​​បាន​​បង្ហោះសារ​មួយ​ឃ្លា​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ យ៉ាង​ដូច្នេះ​ថា៖ “ឥឡូវខ្លួនឯង ដូចជាខ្សោយ​ជាង​មុន គ្រាន់តែដាច់លុយសោះ មានអារម្មណ៍ថា តឹងទ្រូង វិលមុខ បេះដូងបុកភឹបៗ”។

ការ​លើក​ឡើង​​​​របស់​លោក​ឧកញ៉ា ​ទៀ វិចិត្រ​ ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​តប​ត​ជា​ច្រើន។ យ៉ាងណាមិញ ​​ឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករង​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ គ្រុប ដែល​ជា​កូន​ប្រុស​របស់​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ​​​បាន​បញ្ចេញ​មតិ​ឆ្លើយ​តប​ភ្លាមៗ​​ថា «កំសត់ណាស់» ខណៈ​ដែល​លោក​ឧកញ៉ា សំ សុខនឿន ប្រធាន​សមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ក៏បាន​បញ្ចេញ​​រូប​​សញ្ញា​សើច​ផងដែរ។ រីឯ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ទៀត ​​បាន​បញ្ចេញ​ទស្សនៈ​​​ផងដែរ​ថា ​ដល់​ថ្នាក់​លោក​បង​ឧកញ៉ា ដាច់​លុយ ចុះ​ទម្រាំ​រូប​​​លោក​ជា​រាស្ត្រ​សាមញ្ញវិញ ប្រហែល​ជា​ដាច់​ខ្យល់​ដក​ដង្ហើម​​បាត់​ហើយ។

សូម​ជម្រាប​ថា លោកឧកញ៉ា ទៀ វិចិត្រ ជា​កូនបង្កើតលោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក និង​បងប្រុស​ឈ្មោះ ទៀ សុខា មេបញ្ជាការរង​យោធា​ជើង​ទឹក។ ឧកញ៉ា ទៀ វិចិត្រ ជាអ្នករកស៊ីនៅទិសនារតី​ដ៏ល្បីល្បាញ​ច្រើនឆ្នាំមកហើយលើវិស័យ ទេសចរណ៍ បដិណ្ឋារកិច្ច ភេសជ្ជៈ ប្រេងឥន្ទនៈ និងអចលនទ្រព្យ ស្ថិតនៅក្នុង​ខេត្តព្រះសីហនុ៕