ឧកញ៉ា សំ សុខនឿន ព្យាករពីស្ថានភាពទីផ្សារអចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៣

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា សំ សុខ​នឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty ​បាន​ព្យាករ​ថា ​​នៅ​ឆ្នាំ២០២៣ ​ខាង​មុខ​នេះ ​​​​វិស័យ​អចលនទ្រព្យ​កម្ពុជា ​​​នឹង​ជួប​ការ​លំបាក​​ជាង​ឆ្នាំ​២០២២​ ទៅ​ទៀត បើ​ទោះ​បី​​ជា​ស្ថានភាព​​នៃ​ការ​រីករាលដាល​កូវីដ-១៩ ​​និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយក្រែន ​​អាច​នឹង​មាន​ភាព​ធូរ​ស្រាល​ជាង​ឆ្នាំ​២០២២​ ក៏​ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា សំ សុខ​នឿន បាន​លើក​ឡើង​ថា តាមពិតទៅ​វិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ទទួលរង​ផលប៉ះពាល់​តាំង​ពីមុន​វត្តមាន​រប​ស់​ជំងឺ​កូ​វីដ​​ ១៩ ទៅទៀត គឺ​នៅក្នុង​ឆ្នាំ​ ២០១៩ នៅពេលដែល​រាជ​រដ្ឋាភិបាល​សម្រេច​លុប​បំបាត់ Game Online ពី​ទឹកដី​របស់​កម្ពុជា ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​លើ​ទីផ្សារ​ល្បែង​អន​ឡាញ ​​ភាគច្រើន​ជា​វិនិយោគិន​ចិន និង​មាន​ទីតាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ នាំគ្នា​ចាកចេញ​ពី​កម្ពុជា ដែល​ធ្វើឱ្យ​សកម្មភាព​ទិញ​-​លក់​-​ជួល និង​គម្រោង​សាងសង់​ជាច្រើន​ត្រូវ​គាំង​មកដល់ពេលនេះ​។​

​បន្ថែម​លើ​នេះ​វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ​​ ១៩ នា​ចុងឆ្នាំ ​២០១៩ ក៏បាន​បន្ថែម​ទម្ងន់​មួយកម្រិត​ទៅទៀត​ដល់ទី​ផ្សារ​អចលនទ្រព្យ​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល តាមរយៈ​ការដាក់ចេញ​នូវ​វិធាន​ការបិទ​ខ្ទប់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ និង​ការលុបចោល​ជើងហោះហើរ ដែល​ធ្វើឱ្យ​ចរន្ត​ធ្វើដំណើរ​របស់​ភ្ញៀវ និង​វិ​និ​យោគិន​អន្តរជាតិ​ធ្លាក់ចុះ​ដល់​សូន្យ​។​

​យ៉ាងណាមិញ បើ​គិត​ចាប់ពី​ឆ្នាំ​ ២០១៩ ដល់​ដើមឆ្នាំ​ ២០២១ យើង​​ឃើញថា ទោះជា​មិនសូវមាន​ការវិនិយោគ​របស់​ជនបរទេស ប៉ុន្តែ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា គឺ​នៅមាន​តម្រូវ​ការទិញ​-​លក់​ច្រើន ព្រោះ​វិ​និ​យោ​គិ​ន​ក្នុងស្រុក​នៅមាន​ប្រាក់​សម្រាប់​បន្ត​អនុវត្ត​គម្រោង​របស់ខ្លួន ហើយ​អតិថិជន​ក្នុងស្រុក​ក៏​នៅមាន​ធនធាន​សម្រាប់​ទិញ​អចលនទ្រព្យ​ ​ពិសេស​សំណង់​លំនៅ​ឋាន​​ គ្រាន់តែ​មិន​ពុះកញ្ជ្រោល​ខ្លាំង​ដូច​មុន​អំឡុង​ឆ្នាំ​ ២០១៩​។​

​ទោះ​យ៉ាងណា ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១ រហូតមកដល់​ចុងឆ្នាំ​ ២០២២ នេះ យើង​សង្កេតឃើញថា វិស័យ​អ​ច​លន​ទ្រព្យ​កម្ពុជា​បាន​បន្ត​ធ្លាក់ចុះ​ខ្លាំង​បន្ថែមទៀត ទោះបី​កម្ពុជា​ត្រូវបាន​ពិភព​​លោក​ទទួលស្គាល់ថា​ជា​ប្រទេស​ដែល​ធ្វើ​ការងារ​បានល្អ​បំផុត​លើ​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។​ ចំណុច​នេះ លោក​ឧកញ៉ា​គិតថា​គឺ​បណ្តាលមកពី​កត្តា​ចម្បង​ចំនួន​ ២ គឺ​ការធ្លាក់ចុះ​នូវ​ធន​ធាន​សម្រាប់​ទិញ​-​លក់ របស់​ប្រជាជន​ក្នុងស្រុក និង​ឥទ្ធិពល​នៃ​វិបត្តិ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ យើង​អាច​លើក​ឧទាហរណ៍​ថា ចាប់ពី​ឆ្នាំ​ ២០១៩ មក គឺ​យើង​មាន​អ្នក​ឈឺ​នៅផ្ទះ ប៉ុន្តែ​យើង​មានលទ្ធភាព​ព្យាបាល ប៉ុន្តែ​ចាប់​ពី​ពាក់កណ្តាល​ឆ្នាំ​ ២០២១ មក គឺ​លទ្ធ​ភាព​នៃ​ការព្យាបាល​ការបញ្ចេញ​ប្រាក់​មាន​កាន់តែ​តិច។

ចំពោះ​​ការ​យល់​ឃើញ​​នៅ​ឆ្នាំ​២០២៣​វិញ លោក​ឧកញ៉ា សំ សុខនឿន ​គិតថា​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​ជួប​ការ​​លំបាក​ជាង​ឆ្នាំ​ ២០២២ បើទោះបី​ស្ថាន​ភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​ ១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន អាច​នឹងមាន​ភាព​ធូរស្រាល​ជាង​ឆ្នាំ​ ២០២២ ក៏ដោយ​។ ទោះយ៉ាងណា​​ លោក​គិតថា រដ្ឋា​ភិ​បាល​កំពុង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជាច្រើន​ដើម្បី​ទាក់ទាញ​វិនិយោគិន​បរ​ទេស និង​ទេសចរ​ឱ្យ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។ នៅពេល​សេដ្ឋកិច្ច​ក្នុងប្រទេស​មានដំណើរ​កា​រ​ល្អ វា​នឹង​ជួយ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​មាន​ចលនា​ឡើងវិញ​ទៅតាម​នោះដែរ៕