គិតមកដល់ពេលនេះ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ទ្រី ភាព (TRY PHEAP KOH TUNSAY RESORTS CO., LTD) ដើម្បីអភិវឌ្ឍន៍កោះចំនួន២ ដែលមានទីតាំងនៅខេត្តកែប។ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលកន្លងទៅ។
ជាក់ស្តែងបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះចំនួន២ ដែលមានទីតាំងនៅខេត្តកែបនោះគឺ៖
១. TRY PHEAP KOH TUNSAY RESORTS CO., LTD ទទួលបានសិទ្ធិវិនិយោគលើគម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន១៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១០៥កន្លែង។
កោះត្បាល់ ជាកោះធម្មជាតិមួយមានទំហំប្រហែលជាង ១០ ហិចតា មានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីក្រុងកែប និង ធ្វើដំណើរតាមទូកប្រមាណពី ៣៥-៤៥នាទី។
បន្ទាប់ពីមានការស្នើសុំវិនិយោគអភិវឌ្ឍន៍ពីក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD របស់អ្នកឧកញ៉ា ទ្រី ភាពនេះដែរ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ ក្រុមការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងមន្ត្រីរបស់រដ្ឋបាលខេត្តកែប ក៏បានចុះទៅពិនិត្យមើលស្ថានភាពកោះត្បាល់នេះផងដែរ។