ជាង២០ឆ្នាំមុន ឧកញ៉ា គីម ហ៊ាង ប្រឡងបាក់ឌុបសឹងមិនជាប់ ជីវភាពគ្រួសារធ្លាក់ដល់ក្រោមសូន្យ

ជុំវិញ​ឧកញ៉ា

កាលជាង​២០​ឆ្នាំ ​​លោក​ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង ​​​​​​​បាន​ប្រឡង​​​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ​​ស្ទើរ​តែ​មិន​ជាប់ ​​ហើយ​ជីវភាព​គ្រួសារ​ធ្លាក់​ដល់​ក្រោម​សូន្យ ​​ប៉ុន្តែ​​លោក​បាន​ខិត​ខំ​តស៊ូ​ពុះ​ពារ​ក្នុង​ជីវិត ​​រហូត​ដល់​បច្ចុប្បន្ន​នេះ លោក​ឧកញ៉ា​បាន​ក្លាយ​ជា​​​ ឧកញ៉ា​សាស្ត្រាចារ្យ​បណ្ឌិត ដែល​ធ្លាប់​បង្រៀន​ដល់​បណ្ឌិត និង​​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​តម្លៃ​​រាប់​រយ​លាន​ដុល្លារ ​នៅ​ប្រទេស​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា​បណ្ឌិត​ បាន​បង្ហោះ​សារ​​​លើក​ទឹក​ចិត្ត​មួយ​ ចំពោះ​សិស្ស​ដែល​​ប្រឡង​បាក់​ឌុប​បាន​និទ្ទេស E ឬ​និទ្ទេស F (ធ្លាក់) ​​​​​​កាល​ពី​​ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២២ យ៉ាងដូច្នេះ​ថា ​សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលប្រលងបាក់ឌុប ២០២២ បាននិទ្ទេស A, B, C និងនិទ្ទេស D ហើយចុះអ្នកបាន E និង F យ៉ាងម៉េចដែរ?

លោក​ឧកញ៉ា បាន​​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់​លោក​​​ថា លោក​ប្រឡងទុតិយភូមិបាក់ឌុប ឆ្នាំ១៩៩៨ បាននិទ្ទេស​ធម្យម E នៅវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។ បន្ទាប់​មក​ចូលរៀនច្បាប់នៅ​សាលា​ RULE ប្រឡង​ចូលរៀន​ភាសានៅ IFL និងប្រឡងចូលរៀនប្រវត្តិវិទ្យានៅ RUPP ហើយបានប្រឡងធ្លាក់ទាំងអស់ ក្នុងឆ្នាំ ១៩៩៨។​ ចំណែក​ឯ​​ស្ថានភាព​គ្រួសារ លោក​ឧកញ៉ា​ មានបងប្អូន ៥នាក់ ហើយ​លោក​ជាកូនច្បងទី២ កំព្រាម្តាយ ស្រប​ពេល​​ឪពុក​បាក់ទឹកចិត្ត ពេល​នោះ​គឺ​ជីវភាពគ្រួសារធ្លាក់ដល់ក្រោមសូន្យ។

នៅ​ចុងឆ្នាំ១៩៩៨ ​លោក​ទទួលបានមហាសំណាង ដោយបានការងារជាអ្នករត់តុនៅ Club Hollywood & KTV ពីម៉ោង ៦ល្ងាច ដល់ ២ភ្លឺ ដោយទទួលបានប្រាក់ខែ ៦៣ដុល្លារ។ លុះ​ដល់ចុងឆ្នាំ ១៩៩៩ ទើបលោក​សន្សំ​លុយ​បាន ២០០​ដុល្លារ បង់ចូលរៀនមហាវិទ្យាល័យទេសចរណ៍ សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ដោយទាំងមិនដឹងថា ៤ខែក្រោយ មានលុយ ២០០​ដុល្លារ​ បង់រៀនទៀតឬទេ។ ជា​មហាសំណាងមួយ​ ដោយលោក​បានស្នាក់នៅ​វត្ត​មហាមន្រ្តី ៦ឆ្នាំ រួចរៀនចប់​បរិញ្ញាបត្រ ឆ្នាំ២០០៣ រៀនចប់អនុបណ្ឌិត ឆ្នាំ២០០៦ និងរៀនចប់បណ្ឌិត (Ph.D) ឆ្នាំ ២០១៧។

លោក​ឧកញ៉ា បាន​បន្ថែម​ថា តើអ្វីដែល​ធ្វើ​ឱ្យ​លោក​ ពីក្មេងកំព្រាម្តាយ រស់នៅវត្ត ធ្វើការជាអ្នករត់តុ ប្រឡងបាក់​ឌុប​បាននិទ្ទេស E ប្រឡងធ្លាក់ចូល​រៀន​មហាវិទ្យាល័យ អត់លុយរៀនសាលាឯកជន ក្នុងឆ្នាំ ១៩៩៨ តែឥលូវនេះ លោក​គឺជាឧកញ៉ាសាស្រ្តាចារ្យបណ្ឌិត ដែលធ្លាប់បង្រៀនទាំងបរិញ្ញាបត្រ និងបង្រៀនថ្នាក់បណ្ឌិត និង​ជាម្ចាស់នៃ​អាជីវកម្ម​តម្លៃរាប់រយលានដុល្លារ នៅកម្ពុជា និងពិភពលោក?

ចម្លើយ​​​របស់​លោក​ឧកញ៉ា​បណ្ឌិត​គឺ៖ “ខំ ខំទៀត ខំឱ្យ​ខ្លាំង ខំដោយមិនខ្លាចហត់ និងមិនដែលលះបង់ (Never Give Up)។ បើ គីម ហ៊ាង បាក់ឌុប ១៩៩៨ និទ្ទេស E អាចធ្វើបាន ចុះក្មួយៗបាក់ឌុប ២០២២ និទ្ទេស A, B, C, D, E និង F ធ្វើបានឬទេ?”។

សូម​ជម្រាប​ជូន​ថា ឧកញ៉ាបណ្ឌិត គីម ហ៊ាង ​​បច្ចុប្បន្ន​ជា​ម្ចាស់​គម្រោង​បុរី​ចំនួន​ពីរ​​កន្លែង ​គឺ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence) និង​បុរី វិមានសំណាង (Borey Vimean Samnang)។ បុរី វិមានសំណាង របស់​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ​​​ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ ម៉ែត្រ សាងសង់​លើដី ២៥ហិកតា ជាវីឡា​ព្រីន​បែបក្លាសិក វីឡាឃ្វីន​បែបក្លាសិក និងជាវីឡាឃីង​បែបក្លាសិក ឬបែបបារាំង ដែលចំណាយ​ថ្លៃសាងសង់​ច្រើនជាង និងប្រណិតជាងការសាងសង់វីឡា​បែបទំនើប​នានា។ បុរី មានសួន​ច្បារ កន្លែងហាត់​ប្រាណ កន្លែង​លេង​កីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដី​សរុប ដែលសាក​សម​បំផុត សម្រាប់​គ្រួសារ​អភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕