នៅព្រឹកថ្ងៃសៅរ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» និងបានបញ្ចេញថ្វីដៃវាយកូនគោល នៅលើទីលានវាយកូនគោល វឌ្ឍនៈ ហ្គោលរីសត របស់អ្នកឧកញ៉ា សំ អាង។

ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។

សម្រាប់ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧២រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតជាក្រុមមានកីឡាករសរុប ១០២រូប, ប្រកួតឯកត្តជនជាបុរសមានចំនួន ៥២រូប និងប្រកួតឯកត្តជនជានារីមាន ២០រូប។ ការប្រកួតនេះបានធ្វើឡើងពេញមួយព្រឹក រួមជាមួយការពិសារអាហាសាមគ្គីផងដែរ។

សូមជម្រាបជូនថា វឌ្ឍនៈ ហ្គោលរីសត គឺជារមណីយដ្ឋានវាយកូនហ្គោលដ៏ប្រណិតលំដាប់ពិភពលោក ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ វឌ្ឍនៈហ្គោលរីស៊ត (Vattanac Golf Resort) របស់អ្នកឧកញ៉ា សំ អាង បានបើកដំណើរការ កាលពីខែឧសភា ឆ្នាំ២០១៩។ ទីលានវឌ្ឍនៈ ហ្គោលរីស៊ត បានជាប់ចំណាត់ថ្នាក់លេខ៣ ជារីសតវាយកូនគោលល្អបំផុត នៅអាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០២២ និងជាប់ចំណាត់ថ្នាក់លេខ១ ជាទីលានកូនគោលល្អបំផុតនៅកម្ពុជា ៣ឆ្នាំជាប់ៗគ្នា នៅឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២៕

