នៅព្រឹកថ្ងៃអាទិត្យនេះ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្ហាញនូវរូបភាពរថយន្តក្រុងទំនើបថ្មីស្រឡាង (រថយន្តក្រុងថ្មីគាស់កេស) របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដែលមានលក្ខណៈទំនើប ទាន់សម័យ បំពាក់ដោយបច្ចេកវិទ្យាដំបូងគេនៅកម្ពុជា និងចង់ទំនើបដូចយន្តហោះ។

លោកឧកញ៉ា សួរ វីរៈ បានបង្ហាញរូបភាព និងសារលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៥ ខែធ្នូនេះ យ៉ាងដូច្នេះថា៖ “តិចច្រឡំថាយន្តហោះទៅ ការពិតជារថយន្តក្រុងទំនើប វីរ:ប៊ុនថាំ តើ! ទំនើប ទាន់សម័យ ប្រកបដោយបច្ចេកវិទ្យា ដំបូងគេ និងតែមួយគត់នៅកម្ពុជា ជាប្រភេទរថយន្តថ្មីស្រឡាង”។
លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា រថយន្តក្រុងថ្មីទំនើបនេះ នឹងចាប់ដំណើរការ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះហើយ ក្នុងគោលដៅឆ្ពោះទៅក្រុងព្រះសីហនុ ដោយចំណាយពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ។ លោកឧកញ៉ា បន្តថា រថយន្តថ្មីនេះ នឹងធ្វើឱ្យភ្ញៀវទទួលបានបទពិសោធន៍ថ្មីជាមួយការធ្វើដំណើរប្រកបដោយផាសុខភាព មានទាំងប្រព័ន្ធអ៊ិនធើណែត WiFi, YouTube, Play Game និងមានបន្ទប់ទឹក អំឡុងពេលធ្វើដំណើរ។

“កុំថាភ្ញៀវ ខ្ញុំខ្លួនឯងក៏ចង់ជិះដែរ ព្រោះអត់ដែលជិះឡានក្រុងគាស់កេសទេ។ វិរៈប៊ុនថាំ ឈានមុខគេជានិច្ច មិនចំឡងគេ មិនធ្វើតាមគេ តែពួកយើងអភិវឌ្ឍន៏ទៅមុខជានិច្ច”។ លោកឧកញ៉ា សួរ វីរៈ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស គឺជាក្រុមហ៊ុនខ្មែរ ដែលឈានមុខគេតែមួយគត់ក្នុងប្រទេសកម្ពុជា សម្រាប់សេវាកម្មដឹកអ្នកដំណើរ និងសេវាកម្មបញ្ញើទំនិញ ទៅដល់គ្រប់កន្លែងទាំងអស់ មិនថាតំបន់ដាច់ស្រយាលនោះទេ។ ដោយគិតមកដល់សព្វថ្ងៃនៅក្នុងឆ្នាំ២០២២នេះ គឺក្រុមហ៊ុនបានពង្រីកសាខា បានច្រើនជាង ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា និងមានទាំងសាខានៅប្រទេសថៃ និងវៀតណាមផងដែរ៕