កូនប្រុសអ្នកឧកញ៉ា សៀ ឫទ្ធី ចូលរោងពិធីចែចូវស្តីដណ្តឹង ជាមួយនារីម្នាក់

ជុំវិញ​ឧកញ៉ា

កាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ កូនប្រុសអ្នកឧកញ៉ា សៀ ឫទ្ធី ​​ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រីដ៍ គ្រុប (WorldBridge Group) ​​បាន​​​ចូល​រោង​ពិធី​ចែចូវ​ស្តី​ដណ្តឹង​ជាមួយ​នារី​ម្នាក់ នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ​​ដែល​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​ថ្នាក់​ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ អ្នកឧកញ៉ា និង​ឧកញ៉ា ជា​ច្រើន​រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​សិរីមង្គលពិធីចូលចែចូវ​​ខាង​លើ​នេះ កូន​ប្រុសអ្នកឧកញ៉ា សៀ ឫទ្ធី មាន​ឈ្មោះ​ថា សៀ ដានីញ៉ែល ​​ជា​គូ​នឹង​កូន​ស្រី​របស់​លោក ង៉ោ ហុង ​​ដែល​ពិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​តាព្រហ្ម សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ។

ពិធី​​​ចូល​ចែ​ចូវ​នេះ មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក ហ៊ុន ម៉ាណែត ​​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និងដឹកជញ្ជូន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាដើម។

រីឯ​​អ្នកជំនួញ​ធំវិញ គេ​​ក៏​ឃើញ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និង​អ្នកឧកញ៉ា លាង ឃុន ​សហស្ថាបនិក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប ​​ព្រម​ទាំង​អ្នក​មុខ​អ្នកការ​​​ជា​ច្រើន​រូប​ទៀត​ផង​ដែរ។

គួរ​បញ្ជាក់​ថា អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវ​បាន​គេ​ដឹង​ថា​ជា​​​ម្ចាស់​គម្រោង​ធំៗ​​​មួយ​ចំនួន​​នៅ​កម្ពុជា ដូចជា​ អគារ The Peak ដែលស្ថិតនៅ​ទល់​មុខ​មាត់​ទន្លេ ក្បែរ​ស្ពាន​នាគ​កោះពេជ្រ ខណ្ឌ​ចំការ​មន ​ជា​អគារ​ពាណិជ្ជកម្ម ដែល​ខ្ពស់​ជាង​គេ​ចំនួន​៣ នៅ​រាជធានីភ្នំពេញ មាន​កម្ពស់​ជាង ២០០​ម៉ែត្រ និង​មាន​​ ៥៥​ជាន់ ដោយ​ចំណាយ​ទុន​វិនិយោគ​ប្រមាណ ៥៨០ លាន​ដុល្លារ និង​ជា​​ស្ថាបនិកគម្រោង WorldBridge Sport Village តម្លៃជាង ២០០លានដុល្លារ ដែល​ស្ថិត​នៅ​ជាប់​កីឡដ្ឋាន​ជាតិ​មរតកតេជោ៕​