លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសបើកជួលអគារសភាពាណិជ្ជកម្មកម្ពុជា នៅជាន់ទីមួយទាំងមូល ដែលមានទំហំ ៦១២ម៉ែត្រការ៉េ ក្នុងតម្លៃជួល ៨ពាន់ដុល្លារក្នុងមួយខែ។
គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញឱ្យដឹង នៅព្រឹកថ្ងៃចន្ទនេះ យ៉ាងដូច្នេះថា៖ “សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសជម្រាបជូនសាធារណជនអំពីការបើកជួលអគារសភាពាណិជ្ជកម្មកម្ពុជាជាន់ទីមួយទាំងមូល។ តម្លៃជួលគឺ ៨ ពាន់ដុល្លារក្នុងមួយខែ សម្រាប់ទំហំ ៦១២ ម៉ែត្រការ៉េ។ តម្លៃជួលនេះ អាចចរចាបានជាមួយនឹងលក្ខខណ្ឌសមស្រប សម្រាប់កិច្ចសន្យាជួលរយៈពេលវែង។ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ តទៅ”។
ចំពោះសាធារណៈដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនង៖ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា 012 778 879 ឬ លោកស្រី ហួត ច័ន្ទនិមល ប្រធានគណនេយ្យសភាពាណិជ្ជកម្មកម្ពុជា 012 227 160។
សូមជម្រាបថា អគារសភាពាណិជ្ជកម្មកម្ពុជា មានទីតាំងស្ថិតនៅអគារលេខ 7D មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៥។ សភាពាណិជ្ជកម្មកម្ពុជា ដែលបច្ចុប្បន្នមានអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ជាប្រធាន គឺជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕