លោកឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែររៀល អ៊ីស្ទេត បានលើកឡើងថា មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះ។
ការលើកឡើងនេះ ស្របពេលដែលវីរុសថ្មី Covid 19 បាននិងកំពុងធ្វើឲ្យពិភពលោកមានការច្របូកច្របល់ សេដ្ឋកិច្ចធ្លាក់ចុះ ហើយក៏ជាការព្រួយបារម្ភផងដែរចំពោះកម្ពុជា។
លោកឧកញ៉ា គីម ហ៊ាង ប្រឡូកក្នុងវិស័យអចលទ្រព្យ ប្រមាណជាង១០ឆ្នាំមកហើយនេះ បានមើលឃើញពីបញ្ហាដ៏ស្មុគស្មាញនេះ ដោយអះអាងថា ក្នុងកាលៈទេសៈនេះ មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះបាន។
ពាក់ព័ន្ធនឹងចំនុចនេះ លោកឧកញ៉ា បានលើកយកទស្សនៈសំខាន់ៗចំនួន៥ចំនុច ដែលជាការឆ្លើយតបនឹងការរីករាលដាល់នៃវិបត្តិកូវីដ ១៩ នេះ។ ចំនុចទាំង៥នោះ ត្រូវបានលោក ឧកញ៉ា គីម ហ៊ាង រៀបរាប់ដូច្នេះថា ៖
១.ក្នុងនាមជាម្ចាស់អាជីវកម្ម លោកអ្នកត្រូវធ្វើការអោយបានខ្លាំងជាង និងឆ្លាតជាងមុន ព្រោះក្រុមហ៊ុនធំនឹងរួមមកធម្យម ក្រុមហ៊ុនធម្យមនឹងរួមមកតូច ហើយក្រុមហ៊ុនតូចនឹងត្រូវក្ស័យទុន ២. ក្នុងនាមជាបុគ្គលិក លោកអ្នកត្រូវធ្វើការអោយបានច្រើនជាងមុន និងឆ្លាតជាងមុន ដើម្បីរក្សាការងាររបស់ខ្លួន ព្រោះក្រុមហ៊ុននឹងកាត់បន្ថយ ឬផ្អាកការងារបុគ្គលិកមួយចំនួន ដែលមិនសូវចាំបាច់ ដើម្បីបន្ថយបន្ទុកនៃការចំណាយរបស់ខ្លួន ៣. មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះ ៤. ក្រោយចប់ Covid19 ពិភពលោកនឹងមានមនុស្សថ្មី ដែលមានសីលធម៌ជាងមុន មានអនាម័យជាង និងល្អជាងមុន និងចំនុចទី៥. សូមគោរព និងធ្វើតាមសេចក្តីប្រកាសនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងកំចាត់ Covid19 អោយអស់ពីផែនដីអោយបានឆាប់បំផុត។
លោកឧកញ៉ា គីម ហ៊ាង អះអាងថា អ្វីៗទាំងនេះ គឺគ្រាន់តែលើឡើង ដើម្បីការរីកចម្រើនប្រកបដោយនិរន្តភាពនៅកម្ពុជាប៉ុណ្ណោះ៕ អត្ថបទ៖ សិរីការ